តៃវ៉ាន់ដាក់ដំណើរការវែបសាយ ដើម្បីប្រមូលព័ត៌មានសម្ងាត់អំពីចិន (Video inside)
15-06-2026 14:22
(តៃប៉ិ)៖ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលកោះតៃវ៉ាន់ បានដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិន នាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ ដោយអះអាងថា មានប្រជាជនចិនកាន់តែច្រើនឡើង ដែលលែងពេញចិត្តប្រព័ន្ធដឹកនាំរបស់ប្រទេសចិន ហើយចង់បានការផ្លាស់ប្តូរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បាននិយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសចិន បានប្រឈមជាមួយបញ្ហាលំបាកជាបន្តបន្ទាប់ ខណៈការគ្រប់គ្រងរបស់រដ្ឋាភិបាល នៅតែមានភាពរឹតបន្តឹងខ្លាំង ហើយបូករួមជាមួយបញ្ហាកាន់តែច្រើនពាក់ព័ន្ធសង្គមនិងជីវភាពរស់នៅថែមទៀត លក្ខខណ្ឌទាំងនេះ បានធ្វើឱ្យមានការមិនពេញចិត្តរីកកាន់តែធំ ក្នុងចំណោមសាធារណជន។ ដូច្នេះហើយ មានបុគ្គលកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានទាក់ទងមកកាន់ទីភ្នាក់ងារពាក់ព័ន្ធនៅតៃវ៉ាន់ ក្នុងបំណងផ្តល់ព័ត៌មានចម្រុះប្រភេទ។
តាមរយៈការដាក់ដំណើរការវែបសាយខាងលើ ការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បានអំពាវនាវឱ្យជនជាតិចិនទាំងនៅក្នុងនិងនៅក្រៅប្រទេស ចូលរួមឱ្យសកម្មក្នុងការផ្តល់ព័ត៌មាន ហើយបង្កើតការផ្លាស់ប្តូរ ប្រកបដោយភាពក្លាហាន។ ការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បានប្រាប់ថា យុទ្ធសាស្រ្តប្រមូលព័ត៌មាននេះ គឺផ្អែកលើវិធីសាស្រ្តដែលត្រូវបានប្រើប្រាស់ដោយ បណ្តាទីភ្នាក់ងារចារកម្មអន្តរជាតិ ដូចជានៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៉ីស្រាអែល ជាដើម។
គួរបញ្ជាក់ថា តៃវ៉ាន់និងចិន បានលួចស៉ើបការណ៍ពីគ្នាទៅវិញទៅមកជាយូរមកហើយ ខណៈតៃវ៉ាន់ជាពិសេស បានរាយការណ៍ពីការកើនឡើងនៃចំនួនករណីឈ្លបយកការណ៍របស់ចិន។ ទីក្រុងប៉េកាំងខ្លួនឯង ក៏ធ្លាប់ប្រើយុទ្ធសាស្រ្តស្រដៀងគ្នាខាងលើផងដែរ។ កាលពីឆ្នាំ២០២៤ ចិនបានប្រកាសអាសយដ្ឋានអ៉ីម៉ែលមួយ ដែលបុគ្គលគ្រប់រូបអាចរាយការណ៍អំពីអ្វីដែលខ្លួនហៅថា ឧក្រិដ្ឋកម្មប្រព្រឹត្តដោយក្រុមអបគមន៍នៅតៃវ៉ាន់។ កោះតៃវ៉ាន់ត្រូវចិនចាត់ទុកត្រឹមជាខេត្តឬតំបន់មួយប៉ុណ្ណោះរបស់ខ្លួន ទោះទីក្រុងតៃប៉ិច្រានចោលការអះអាងអធិបតេយ្យនេះក៏ដោយ៕






