រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ថ្កោលទោសកិច្ចព្រមព្រៀងអាមេរិក-អ៉ីរ៉ង់ ហើយទទូចឱ្យបង្កើនសង្រ្គាមកាន់តែខ្លាំងនៅលីបង់ (Video inside)
15-06-2026 15:26
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល លោក Itamar Ben Gvir ដែលមាននិន្នាការនយោបាយស្តាំនិយម បានចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់ ដោយលោកអះអាងថា អ៉ីស្រាអែលមិនជាប់កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងប្រតិកម្មដំបូងពីសំណាក់មន្រ្តីអ៉ីស្រាអែល លោក Ben Gvir បានបង្ហោះសារនៅលើបណ្តាញសង្គមដូច្នេះថា «កិច្ចព្រមព្រៀងរបស់លោក ត្រាំ មិនចងភ្ជាប់យើងទេ... យើងមិនមែនជាភាគីក្នុងកិច្ចព្រមព្រៀងនេះទេ។ វាមិនធានាការពារសន្តិសុខយើងទេ។ ពួកយើងដាច់ខាតមិនត្រូវបញ្ចប់ឡើយ លុះត្រាតែកម្ទេចក្រុមហេសបូឡាបានទាំងស្រុង។ យើងមិនត្រូវដកថយសូម្បីតែមួយជំហានចេញពីទឹកដី ដែលកងទ័ពរបស់យើងកាន់កាប់បាន ហើយបានបោសសម្អាតហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករ»។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អាមេរិកនិងអ៉ីរ៉ង់ បានប្រកាសថា ទីបំផុតពួកគេបានឈានដល់កិច្ចព្រមព្រៀងគោលមួយ ដើម្បីបិទបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរហើយ ដែលនឹងលុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយការចុះហត្ថលេខានឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្នុងប្រទេសស្វ៉ីស។
គួរបញ្ជាក់ថា លក្ខខណ្ឌលម្អិតនៃមិនទាន់ត្រូវបង្ហើបនៅឡើយទេ។ ប៉ុន្តែនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif ដែលជាអ្នកជួយសម្រុះសម្រួលជម្លោះអាមេរិក-អ៉ីរ៉ង់ បានឱ្យដឹងក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថាអនុស្សារណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានអំពាវនាវឱ្យបិទបញ្ចប់ជាបន្ទាន់ និងអចិន្ត្រៃយ៍ នូវប្រតិបត្តិការយោធានៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅលីបង់ជាទីដែលអ៉ីស្រាអែល កំពុងបន្តការវាយប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់។
ក្នុងសេចក្ដីថ្លែងការណ៍មួយ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់ ក៏បាននិយាយដែរថា សង្រ្គាមនិងប្រតិបត្តិការយោធានៅគ្រប់សរមភូមិទាំងអស់ ក្នុងនោះមានទាំងនៅលីបង់ នឹងត្រូវបិទបញ្ចប់ជាអចិន្ត្រៃយ៍ចាប់ពីយប់ថ្ងៃចន្ទសប្ដាហ៍នេះតទៅ។ ដោយឡែក កន្លងមក អ៉ីស្រាអែលធ្លាប់និយាយថា ខ្លួនមិនមែនជាភាគីនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នោះទេ៕






