គ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ វាយប្រហារភាគខាងត្បូងហ្វីលីពីន តែមិនមានការខូចខាតឡើយ

15-06-2026 19:43

(ម៉ានីល)៖ ទីភ្នាក់ងាររញ្ជួយដីរដ្ឋហ្វីលីពីន (Phivolcs) នៅថ្ងៃចន្ទនេះ​បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានវាយប្រហារលើកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែត្រូវបានរំពឹងថានឹងមិនបង្កការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គ្រោះរញ្ជួយដីនេះមានជម្រៅ ៨៦គីឡូម៉ែត្រ និងមានចំណុចរំញ័រស្ថិតនៅចម្ងាយ ១៦៤គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុង Governor Generoso ខេត្ត Davao Oriental។ ប្រធានទីភ្នាក់ងារ Phivolcs បានបញ្ជាក់ថា រំញ័រនេះកើតចេញពីលេណដ្ឋានសមុទ្រហ្វីលីពីន និងមិនមានការពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,៨រ៉ិចទ័រ ដែលបានវាយប្រហារកោះមីនដាណាវកាលពីថ្ងៃទី០៨ ខែមិថុនានោះទេ។

គួររំលឹកថា យោងតាមទីភ្នាក់ងារការពារជនស៊ីវិលហ្វីលីពីន ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏សាហាវកាលពីសប្តាហ៍មុននោះ បានកើនឡើងដល់ ៦៥នាក់ហើយ ខណៈដែលមនុស្ស ៣៦នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ៕