អនុប្រធានាធិបតីអាមេរិក សង្ឃឹមថានឹងអាចបញ្ចេញឯកសារកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ (Video inside)

15-06-2026 22:05

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វែន (JD Vance) នៅថ្ងៃចន្ទ បានសម្តែងក្តីសង្ឃឹមថា អត្ថបទលម្អិតនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងការបើកច្រកសមុទ្រហ័រមូស នឹងត្រូវបានបញ្ចេញជាសាធារណៈនៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC លោក វែន បានបញ្ជាក់ថា សហរដ្ឋអាមេរិករំពឹងថាច្រកសមុទ្រដ៏មានសារៈសំខាន់មួយនេះ នឹងត្រូវបានបើកឱ្យធ្វើនាវាចរណ៍ដោយឥតគិតថ្លៃសម្រាប់ការប្រើប្រាស់រយៈពេលវែង ដោយមិនមានការទារប្រាក់ឆ្លងកាត់នោះឡើយ។ លោកបានបន្ថែមថា ព័ត៌មានលម្អិតបច្ចេកទេសជាច្រើនទៀត កំពុងត្រូវបានភាគីទាំងពីរជជែកគ្នាយ៉ាងសកម្មនៅលើតុចរចា។

ទោះបីជាអាមេរិក និងអ៊ីរ៉ង់បានឯកភាពគ្នាជាគោលការណ៍ក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅទាមទារការបញ្ចប់ជម្លោះនៅលីបង់ជាមុនសិន ខណៈបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានលើកយកទៅពិភាក្សានៅពេលក្រោយ។

លោក វែន បានបង្ហើបថា ពិធីចុះហត្ថលេខាគ្រោងនឹងធ្វើឡើងនៅប្រទេសស្វីស នាថ្ងៃសុក្រខាងមុខនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងប្រធានសភាអ៊ីរ៉ង់។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់រូបណាជាតំណាងឱ្យភាគីសហរដ្ឋអាមេរិក ក្នុងការចុះហត្ថលេខាជាប្រវត្តិសាស្ត្រនេះឡើយ៕