រុស្ស៉ី ណែនាំកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសថៃ ចៀសវាងការចាប់ខ្លួន (Video inside)

16-06-2026 10:23

(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានព្រមានកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយសារតែការគំរាមកំហែងអាច ត្រូវបានចាប់ខ្លួនតាមសំណើរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Moscow Times។

ក្នុងសេចក្ដីណែនាំមួយ ក្រសួងការបរទេសរុស្ស៉ីបានគូសបញ្ជាក់ដូច្នេះថា «យើងសូមណែនាំឱ្យពលរដ្ឋរុស្ស៉ីដែលមានហេតុផលសង្ស័យបន្តិចបន្ដួចក៏ដោយថាពួកគេ អាចនឹងត្រូវបានកាត់ទោសដោយអាជ្ញាធរសហរដ្ឋអាមេរិក ចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសថៃ»

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាងកក មានសន្ធិសញ្ញាទ្វេភាគីស្ដីពីការធ្វើបត្យាប័ន។ ការចេញសេចក្ដីណែនាំរបស់ក្រសួងការបរទេសរុស្ស៉ីកើតមានឡើង ក្នុងសប្ដាហ៍តែមួយដែល hacker រុស្ស៉ីឈ្មោះ Denis Obrezko បានបង្ហាញខ្លួនលើកដំបូងក្នុងសវនាការនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចាប់ខ្លួន ក្នុងប្រទេសថៃកាលពីខែវិច្ឆិកា ឆ្នាំ២០២៥។

មានពលរដ្ឋរុស្ស៉ីប្រហែលជា ១.៨លាននាក់តែងតែធ្វើវិស្សមកាលឈប់សម្រាកទៅកាន់ថៃ ក្នុងមួយឆ្នាំៗ៕