រដ្ឋមន្រ្តីការបរទេសនេប៉ាល់ បំពេញទស្សនកិច្ចនៅប្រទេសចិន ក្រោយការបង្កើតរដ្ឋាភិបាលថ្មី (Video inside)

16-06-2026 11:47

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសនេប៉ាល់ លោក Shisir Khanal បានជួបរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ប្រទេសជិតខាងដ៏មានឥទ្ធិពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក Wang បាននិយាយថា ចិនតែងតែដាក់នេប៉ាល់ នៅជួរមុខក្នុងបេសកកម្មការទូតរបស់ខ្លួន ហើយនឹងគាំទ្រនេប៉ាល់ លើការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ទំនាក់ទំនងរវាងនេប៉ាល់ជាមួយចិន ត្រូវបានជាប់គាំងដោយសារតែភាពអសកម្ម លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមានកំណត់ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់មេដឹកនាំចិន ដែលនេប៉ាល់បានចូលរួមក្នុងឆ្នាំ២០១៧ ហើយភាគច្រើនដោយសារតែការមិនយល់ស្របគ្នាលើបញ្ហាហិរញ្ញវត្ថុ។

នៅក្នុងជំនួបជាមួយភាគីនេប៉ាល់ លោក Wang បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេប៉ាល់ ដោយលើកពីកិច្ចសហប្រតិបត្តិការផលិតថាមពល សាងសង់ផ្លូវហាយវ៉េ កំពង់ផែ និងវិស័យអាកាសចរណ៍៕