UN៖ មនុស្សយ៉ាងហោច២៣០០នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំនេះ ដោយសារអំពើហិង្សាក្រុមជនអន្ធពាលនៅប្រទេសហៃទី
16-06-2026 14:27
(ហ្សឺណែវ)៖ កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា អំពើហិង្សាប្រព្រឹត្តដោយក្រុមជនអន្ធពាល បានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៣០០នាក់ នៅប្រទេសហៃទីក្នុងឆ្នាំនេះ ខណៈជិត១០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ហៃទីដែលជាប្រទេសដែនកោះមានប្រជាជនសរុប១២លាននាក់ និងជាប្រទេសក្រីក្រជាងគេបង្អស់ នៅទ្វីបអាមេរិក ជាយូរមកហើយបានញាំញីដោយបញ្ហាអស្ថិរភាព ស្របពេលក្រុមជនអន្ធពាលដែលមានឥទ្ធិពលធំៗ នាំគ្នាប្រព្រឹត្តសកម្មភាពខុសច្បាប់តាមតែអំពើចិត្ត ដូចជាការកាប់សម្លាប់ ចាប់រំលោភ លួចប្លន់ និងចាប់ជំរិតជាដើម យ៉ាងអនាធិបតេយ្យ។
ប្រមុខសិទ្ធិមនុស្ស UN លោក Volker Turk បាននិយាយដូច្នេះថា «នៅហៃទី អំពើហិង្សារបស់ក្រុមជនអន្ធពាល បានបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោច ២៣០០នាក់ របួស១១០០នាក់ និង៩៩នាក់ត្រូវបានចាប់ជំរិត គិតចាប់តាំងពីដើមឆ្នាំនេះ។ ខ្ញុំទទូចឱ្យអាជ្ញាធរហៃទី ចាត់វិធានការរឹងមាំជាបន្ទាន់ ដើម្បីដាក់ទោសជនទាំងឡាយដែលបានប្រព្រឹត្តបទល្មើស»។
កាលពីឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខ UN បានផ្តល់ការអនុញ្ញាតចំពោះផែនការដាក់ពង្រាយកងកម្លាំងអន្តរជាតិថ្មី ហៅកាត់ថា GSF ដែលមានភារកិច្ចត្រូវបោសសម្អាតក្រុមជនអន្ធពាល នៅក្នុងប្រទេសហៃទី។ កងកម្លាំងថ្មីនោះនឹងជំនួសដោយសន្សឹមៗ កងកម្លាំងបេសកកម្មមុន ហៅកាត់ថា MMAS ដែលបានជួយគាំទ្រប៉ូលិសហៃទី។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តការដាក់ពង្រាយកងកម្លាំង GSF ក្រោមការទទូចពីសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំមុន ចំពោះមុខក្តីកង្វល់ថា កងកម្លាំង MMAS មិនមានធនធានគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មប្រកបដោយប្រសិទ្ធភាព៕








