UN រាយការណ៍ថា ការវាយប្រហារដោយដ្រូនក្នុងសង្រ្គាមស៉ីវិលនៅស៊ូដង់ ផ្តាច់ជីវិតមនុស្សជាង១០០០នាក់ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ (Video inside)

16-06-2026 15:55

(ហ្សឺណែវ)៖ ឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ​សង្រ្គាមស៉ីវិល ខណៈអំឡុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ គឺការវាយប្រហារទាំងនោះ បានសម្លាប់ជនស៉ីវិលច្រើនជាង១០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការវាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូន គឺបានកាន់តែកើនឡើងក្នុងជម្លោះនៅប្រទេសភាគឦសានទ្វីបអាហ្រ្វិកមួយនេះ ចាប់តាំងពីវា​បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF។ លោក​ Turk បានលើកឡើងថា នៅស៊ូដង់ ជម្លោះដ៏អាក្រក់បានពង្រីកនិងតានតឹងកាន់តែខ្លាំង ដោយត្រូវបានបង្ហាញជាពិសេសតាមរយៈការកើនឡើងយ៉ាងគំហុក នៃការវាយប្រហារគ្នា​ដោយប្រើដ្រូន។

បើតាមលោក Turk គិតចាប់ពីចន្លោះខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ការិយាល័យសិទ្ធិមនុស្ស UN បានកត់ត្រាករណីជនស៉ីវិលសរុប​លើស១០០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូន ហើយលោកក៏បានត្អូញត្អែរផងដែរថា ករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទ បានកើតមានយ៉ាងព្រោងព្រាត។

គួរបញ្ជាក់ថា សង្រ្គាមស៉ីវិលនៅស៊ូដង់ ដែលអូសបន្លាយជាង៣ឆ្នាំមកនេះ បានសម្លាប់មនុស្សសរុបរាប់ម៉ឺននាក់ និងបង្ខំឱ្យមនុស្ស១១លាននាក់ត្រូវព្រាត់ប្រាស​ពីផ្ទះសម្បែងរបស់ពួកគេ ជាហេតុបង្កើតនូវអ្វីដែល UN ពិពណ៌នាថា ជាវិបត្តិផ្លាស់ទីលំនៅនិងទុរ្ភិក្សធំបំផុតរបស់ពិភពលោក៕