អាជីវកម្មលក់បង្គា ក្នុងប្រទេសថៃ ជួបបញ្ហាធ្ងន់ បន្ទាប់ពីម៉ាឡេស៉ីហាមមិនឱ្យនាំចូល
16-06-2026 16:48
(បាងកក)៖ អ្នកនាំចេញបង្គា និងកសិករនៅភាគខាងត្បូងប្រទេសថៃ កំពុងជួបភាពមិនច្បាស់លាស់ ខណៈដែលអ្នកបញ្ជាទិញនៅម៉ាឡេស៉ី បានពន្យារពេល ឬផ្អាកការបញ្ជាទិញ ក្រោយប្រទេសទាំងពីរ មានជម្លោះនឹងគ្នាពាក់ព័ន្ធបញ្ហាគ្រឿងសមុទ្រ តាំងកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។
ទីក្រុងបាងកក បានរឹតបន្តឹងការនាំចូលត្រីសមុទ្រមួយប្រភេទរបស់ម៉ាឡេស៉ី ហៅថា sea bass ដោយសារតែក្តីបារម្ភអំពីសំណល់គីមីនៅក្នុងខ្លួនត្រី។ ម៉ាឡេស៉ីបានឆ្លើយតប ដោយដាក់បម្រាមបណ្តោះអាសន្ន លើការនាំចូលបង្គាចំនួន ៥ប្រភេទពីប្រទេសថៃ ក្រោមហេតុផលគ្រប់គ្រងសុវត្ថិភាពចំណីអាហារ។
ឈ្មួញនាំចេញបង្គា នៅខេត្ត Songkhla ប្រទេសថៃ បាននិយាយថា ផលប៉ះពាល់ភ្លាមៗបំផុតនោះ គឺភាពមិនច្បាស់លាស់ជុំវិញការបញ្ជាទិញ។ ម៉ាឡេស៉ីជាទីផ្សារនាំចេញប្រចាំ ដោយសារជាប្រទេសជិតខាង ហើយអាចនាំចេញតាមច្រកព្រំដែន។
ឈ្មួញរូបនេះបានឱ្យដឹងថា នៅពេលដែលអតិថិជនមួយចំនួនពន្យារពេល ឬផ្អាកការបញ្ជាទិញ ការចំណាយលើស្តុកទុក និងផ្សេងៗទៀតបានកើនឡើង ហើយរកប្រភពមកជំនួសម៉ាឡេស៉ី មិនមែនជារឿងធម្មតានោះទេ ពីព្រោះគោលដៅផ្សេងទៀត អាចមានការតម្រូវជាក់លាក់លើផលិតផល បទប្បញ្ញត្តិ និងតម្រូវការអ្នកទិញខុសៗគ្នា៕






