អូស្រ្តាលី ប្រកាសពីបាតុភូត El Nino ថានឹងមានឥទ្ធិពលខ្លាំងក្នុងឆ្នាំនេះ (Video inside)

16-06-2026 16:53

(ស៉ីដនី)៖ ការិយាល័យឧតុនិយមប្រទេសអូស្រ្តាលី បានព្រមានថា បាតុភូតអាកាសធាតុ El Nino នឹងបង្កើតបានលក្ខខណ្ឌត្រូពិកនៅតំបន់ប៉ាស៉ីហ្វិក ហើយអាចកាន់តែខ្លាំងឡើង ក្នុងឆមាសទីពីរនៃឆ្នាំ២០២៦ ក្លាយជាកម្រិតខ្លាំងបំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេល ៧ទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមអ្នកឧតុនិយម ព្យាករថាលក្ខខណ្ឌអាកាសធាតុខ្លាំងក្លា នឹងនាំទឹកភ្លៀងយ៉ាងច្រើនដល់តំបន់អាមេរិក អាកាសធាតុក្តៅហើយស្ងួតនៅអាស៉ី ដែលការដាំដុះដំណាំរងការរំខានរួចទៅហើយ ដែលបង្កើនការព្រួយបារម្ភ អំពីការផ្គត់ផ្គង់ស្បៀងក្នុងតំបន់មានប្រជាជនច្រើនជាងគេ របស់ពិភពលោក។

ដោយឡែក សីតុណ្ហភាពទឹកសមុទ្រក្នុងតំបន់ នឹងមានលើសពីកម្រិត El Nino។ ការិយាល័យឧតុនិយមអូស្រ្តាលី បញ្ជាក់ថាបាតុភូតឆ្នាំនេះ អាចឈានដល់កម្រិតកំពូល ក្នុងចំណោមការសង្កេតខ្ពស់បំផុត តាំងពីឆ្នាំ១៩៥០។ បាតុភូតអាកាសធាតុបែបនេះ កំពុងធ្វើឱ្យខូចខាតដល់អូស្ត្រាលី ដោយសារវាប៉ះពាល់ដល់ផលិតកម្មកសិកម្ម ដែលជាប់ចំណាត់ថ្នាក់ ក្នុងចំណោមអ្នកនាំចេញស្រូវសាលី ស្ករ និងសាច់គោច្រើនជាងគេរបស់ពិភពលោក៕