គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ នៅខេត្តឈីងហៃ ប្រទេសចិន សម្លាប់មនុស្សម្នាក់ និង ៤នាក់រងរបួស
16-06-2026 20:23
(ប៉េកាំង)៖ អាជ្ញាធរចិនបានប្រកាសនៅថ្ងៃអង្គារថា គ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ បានវាយប្រហារតំបន់ខ្ពង់រាបក្នុងខេត្តឈីងហៃ (Qinghai) ភាគពាយ័ព្យប្រទេសចិន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៥:០៦នាទីល្ងាច ដោយមានជម្រៅ ១០គីឡូម៉ែត្រ។ អាជ្ញាធរបានបញ្ជាក់ថា កម្មករអណ្តូងរ៉ែធ្យូងថ្មទាំងអស់ដែលនៅជិតចំណុចកណ្តាលនៃការរញ្ជួយ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ខណៈដែលក្រុមសង្គ្រោះបន្ទាន់កំពុងប្រញាប់ប្រញាល់ចុះរុករកជនរងគ្រោះដែលអាចជាប់គាំង ព្រមទាំងវាយតម្លៃការខូចខាតផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋបាលរញ្ជួយដីរបស់ប្រទេសចិន បានប្រកាសដាក់ឱ្យដំណើរការនូវយន្តការឆ្លើយតបគ្រោះអាសន្នជាបន្ទាន់ បន្ទាប់ពីមានរំញ័ររញ្ជួយដីបន្តបន្ទាប់ជាច្រើនលើកបន្ថែមទៀត រួមទាំងរំញ័រមួយដែលមានកម្រិត ៤,៩ រ៉ិចទ័រ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕




