ហេសបូឡាអះអាងថា អ៊ីរ៉ង់បានប្តេជ្ញាទាមទារឱ្យអ៊ីស្រាអែលដកទ័ពចេញពីលីបង់ នៅក្នុងការចរចាជាមួយអាមេរិក (Video inside)
16-06-2026 20:25
(បេរូត)៖ ការិយាល័យទំនាក់ទំនងព័ត៌មានរបស់ក្រុមហេសបូឡា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារថា ខ្លួនទទួលបានការធានាពីប្រទេសអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តថា ទីក្រុងតេហេរ៉ង់នឹងទាមទារឱ្យមានការដកកងទ័ពអ៊ីស្រាអែលចេញពីប្រទេសលីបង់ នៅក្នុងដំណាក់កាលបន្ទាប់នៃការចរចាជាមួយសហរដ្ឋអាមេរិក។
យោងតាមក្រុមហេសបូឡា ការដកទ័ពនេះមិនមែនជា «លក្ខខណ្ឌមុន» ដែលត្រូវធ្វើមុនការចរចានោះទេ ប៉ុន្តែវានឹងក្លាយជា «លទ្ធផល» ដែលកើតចេញពីការបន្តកិច្ចចរចារវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរ កាលពីថ្ងៃសុក្រកន្លងទៅ។
ក្រុមប្រដាប់អាវុធលីបង់មួយនេះ បានសង្កត់ធ្ងន់ និងប្រកាសយ៉ាងដាច់អហង្ការថា «នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរណាមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនោះឡើយ លុះត្រាតែអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញ» ពីទឹកដីប្រទេសលីបង់ទាំងស្រុង៕





