លោក ត្រាំ បញ្ជាក់ថាអនុស្សរណៈបានចែងយ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ (Video inside)
16-06-2026 20:54
(អេវីយ៉ង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំងថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយប្រទេសអ៊ីរ៉ង់ បានចែងយ៉ាងច្បាស់លាស់ថា ទីក្រុងតេហេរ៉ង់ នឹងមិនត្រូវបានអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកក៏បានបន្ថែមថា អត្ថបទពេញលេញនៃអនុស្សរណៈនេះ នឹងត្រូវប្រកាសជាផ្លូវការនៅពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឆ្លើយតបទៅនឹងសំណើរបស់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ បានសម្តែងការគាំទ្រចំពោះគំនិតក្នុងការបញ្ជូនកិច្ចព្រមព្រៀងនេះទៅកាន់សភាដើម្បីត្រួតពិនិត្យ ដោយលោកបានបញ្ជាក់ថា «ខ្ញុំមិនដែលគិតពីរឿងនេះទេ ប៉ុន្តែខ្ញុំនឹងធ្វើវា។ ខ្ញុំនឹងបញ្ជូនវាទៅកាន់សភា ខ្ញុំពិតជាចូលចិត្តគំនិតនេះណាស់»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបច្ចុប្បន្ន គឺជាក្របខណ្ឌបឋមដើម្បីឈានទៅរកការពិភាក្សាលម្អិតនៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយមានឱសានវាទ ៦០ថ្ងៃ។ ថ្លែងនៅក្នុងជំនួបជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រធានាធិបតី ត្រាំ បានបង្ហាញសុទិដ្ឋិនិយមថា ដំណាក់កាលបន្ទាប់នៃការចរចានឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារតែអ៊ីរ៉ង់កំពុងប្រញាប់ប្រញាល់ចង់ស្តារសេដ្ឋកិច្ច និងធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ៕




