លោក ត្រាំ ជំរុញឱ្យរុស្ស៊ីព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ខណៈកិច្ចប្រជុំ G7 មិនទាន់មានវិធានការជាក់ស្តែងដាក់សម្ពាធទីក្រុងមូស្គូ (Video inside)

16-06-2026 22:00

(អេវីយ៉ង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានថ្លែងថា ប្រទេសរុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន ហើយលោកត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួល។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំក្រុម G7 បានជួបប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក្នុងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានធ្វើដំណើរមកដល់កិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង ជាមួយនឹងសមិទ្ធផលនៃកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងបានបង្វែរការយកចិត្តទុកដាក់សាជាថ្មីមកលើជម្លោះនៅអ៊ុយក្រែន ដោយលោកបានហៅជំនួបជាមួយលោក ហ្សេឡេនស្គី ថាមានភាព «ល្អប្រសើរខ្លាំងណាស់»។ ក្នុងជំនួបនោះ លោក ហ្សេឡេនស្គី និងមេដឹកនាំអឺរ៉ុប បានព្យាយាមបញ្ចុះបញ្ចូលលោក ត្រាំ ថា ស្ថានភាពយោធារបស់អ៊ុយក្រែនកំពុងមានភាពល្អប្រសើរ ដែលទាមទារការគាំទ្របន្ថែម ដើម្បីបង្កើតប្រៀបជាយុទ្ធសាស្ត្រសម្រាប់ការចរចាសន្តិភាពនាពេលខាងមុខ។

គួរបញ្ជាក់ថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចែករំលែករូបភាពនៃការសន្ទនាក្រៅផ្លូវការរវាងលោក ហ្សេឡេនស្គី ជាមួយលោក ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ មុនពេលមានជំនួបផ្លូវការទ្វេភាគីរវាងប្រមុខរដ្ឋទាំងពីរ។ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន។ មានយុវជនវ័យក្មេងជាច្រើននាក់ទាំងសងខាងកំពុងស្លាប់នៅលើសមរភូមិ ដូច្នេះរុស្ស៊ីគួរតែយល់ព្រមធ្វើកិច្ចព្រមព្រៀងសន្តិភាព»៕