វិចិត្រកររុស្ស៉ីម្នាក់ដែលចូលចិត្តគូររូបត្លុករិះគន់លោក ពូទីន ត្រូវបានគេបាញ់សម្លាប់នៅប៉ូឡូញ (Video inside)
17-06-2026 08:41
(វ៉ាសូវី)៖ វិចិត្រកររុស្ស៉ីម្នាក់មានអាយុ៤៤ឆ្នាំ ដែលតែងតែគូររូបត្លុករិះគន់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេបាញ់សម្លាប់នៅចម្ងាយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់លោក ក្នុងទីក្រុង Biala Podlaska ស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមមន្ត្រីរដ្ឋអាជ្ញាប៉ូឡូញបានឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ថាពលរដ្ឋបេឡារុស ២នាក់ មានអាយុ៣៧ឆ្នាំ និង៣៣ឆ្នាំត្រូវបានចាប់ខ្លួននៅក្បែរស្ថានកុងស៊ុលបេឡារុស បន្ទាប់ពីវិចិត្រករខាងលើត្រូវបានបាញ់សម្លាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះថា Robert Kuzovkov ខណៈរដ្ឋអាជ្ញាបានបញ្ជាក់ឈ្មោះរបស់លោកត្រឹម Robert K ប៉ុណ្ណោះ ដោយផ្អែកលើច្បាប់ស្ដីពីឯកជនភាពរបស់ប៉ូឡូញ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋអាជ្ញាប៉ូឡូញក៏បានបញ្ជាក់ដែរថាតាមរយៈស្នាដៃសិល្បៈរបស់លោក វិចិត្រករ Robert Kuzovkov ដែលមានឈ្មោះហៅក្រៅមួយទៀតថា Semyon Skrepetsky បានសម្ដែងការរិះគន់ចំពោះគោលនយោបាយបច្ចុប្បន្នរបស់អាជ្ញាធររុស្ស៉ី។ វិចិត្រកររូបនេះបានគូររូបត្លុករបស់លោក ពូទីន មេដឹកនាំតំបន់ឆេឆេនី លោក Ramzan Kadyrov និងមន្ត្រីជាន់ខ្ពស់រុស្ស៉ីជាច្រើនរូប។ នៅក្នុងចំណោមរូបទាំងនោះ គេក៏ឃើញមានដែររូបត្លុកអតីតមេដឹកនាំសូវៀត លោក Josef Stalin កំពុងបីលោក ពូទីន។
គួរបញ្ជាក់ថា មួយថ្ងៃមុននឹងត្រូវបានគេបាញ់សម្លាប់ វិចិត្រករ Robert Kuzovkov បានបង្ហោះវីដេអូមួយនៅលើឆាណែល YouTube ដោយបង្ហាញថារូបលោកកំពុងស្ថិតនៅក្នុងទីក្រុងបែរឡាំង ដោយដាក់ទង់ជាតិរុស្ស៉ីចូលក្នុងធុងសំរាមកាលពីថ្ងៃទី១២ ខែមិថុនា ចំថ្ងៃបុណ្យជាតិរបស់រុស្ស៉ី៕







