មនុស្សម្នាក់ស្លាប់ ជាច្រើននាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី (Video inside)

17-06-2026 09:06

(ហ្សាការតា)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថាមនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦,៧រ៉ិចទ័របានវាយប្រហារលើខេត្ត Sulawesi កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមទីភ្នាក់ងារភូមិវិទ្យារបស់ឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ និងមានចំណុចកណ្ដាលស្ថិតនៅចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Palu ជាមួយជម្រៅរញ្ជួយទៅក្នុងដី​ ១០គីឡូម៉ែត្រ។ ដោយឡែក ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីក៏បានឱ្យដឹងដែរថាមនុស្សម្នាក់បានស្លាប់ នៅក្នុងតំបន់ Sigi ​និង៣៨នាក់ផ្សេងទៀត បានរងរបួស។

គ្រោះរញ្ជួយដីនេះបានបង្កការខូចខាតដល់ផ្លូវដែលតភ្ជាប់តំបន់ចំនួន៣ ក្នុងខេត្ត Sulawesi ខណៈស្ពាន និងផ្ទះ៦៧ខ្នងក៏រងការខូចខាតផងដែរ។ តែមិនបានបង្កឱ្យមានការប្រកាសអាសន្នពីរលកស៊ូណាមិនោះទេ៕