ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើឱ្យលោក ត្រាំ ជួយស្វែងរកដំណោះស្រាយការទូតជាមួយកូរ៉េខាងជើង (Video inside)

17-06-2026 10:28

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានស្នើសុំឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង អំឡុងកិច្ចសន្ទនាខ្លីមួយនៅឯកិច្ចប្រជុំ G7​ កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kang Yu-jung បាននិយាយថាមេដឹកនាំនៃប្រទេសទាំង២បានស្វាគមន៍គ្នាទៅវិញទៅមក នៅឯពិធីថតរូបនៃបណ្ដាមេដឹកនាំ នៃក្រុមប្រទេស G7​ ជាទីដែលលោក ត្រាំបានសាកសួរលោក Lee អំពីស្ថានការណ៍ទំនាក់ទំនងបច្ចុប្បន្នជាមួយកូរ៉េខាងជើង។ លោកស្រី Kang បានបន្ថែមថាលោក Lee ស្នើឱ្យ លោក ត្រាំ ដឹកនាំកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី ដូចដែលរូបលោកបាននិងកំពុងធ្វើក្នុងការដោះស្រាយបិទបញ្ចប់សង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា។

តាមលោកស្រី Kang លោក ត្រាំបានឆ្លើយតបវិញថារូបលោកនឹងធ្វើការដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង។

គួរបញ្ជាក់ថា លោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នា ៣លើកកាលពីអាណត្តិទី១របស់លោក ត្រាំ ក្នុងនោះរួមមានទាំងជំនួបនៅឯកិច្ចប្រជុំកំពូលធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៨ និងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០១៩ ព្រមទាំងជំនួបនៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ ក្នុងឆ្នាំដដែលនោះ។ ជំនួបទាំងនេះមានគោលបំណងពិភាក្សាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក។

លោក ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតពីបំណងចង់ជួបលោក គីម ជុងអ៊ុនសាជាថ្មី។ កាលពីខែសីហា ឆ្នាំ២០២៥ លោក ត្រាំ បានប្រកាសពីបំណងចង់ជួបលោក គីម ក្នុងពេលវេលាស័ក្តិសមណាមួយ ហើយនៅខែតុលា ឆ្នាំដដែល លោកប្រធានាធិបតីអាមេរិកក៏បាននិយាយដែរថាលោកពេញចិត្តចង់ជួបលោក គីមជាថ្មីម្ដងទៀត។ លោក ត្រាំកាលពីសប្ដាហ៍មុន បានបង្ហោះរូបថតមួយសន្លឹកថតជាមួយលោក គីម ដោយមិនសរសើររាប់រៀបអ្វីទាំងអស់ដែលនេះហាក់មើលទៅលោកចង់រំឮកពីជំនួបការទូតរវាងមេដឹកនាំទាំង ២កាលពីអតីតកាល៕