ចិនអំពាវនាវចង់ឱ្យក្រុមប្រទេសសកលលោកខាងត្បូង មានសំឡេងធ្ងន់ជាងមុន នៅអង្គការសហប្រជាជាតិ (Video inside)
17-06-2026 13:19
(ប៉េកាំង)៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ក្រុមប្រទេសសកលលោកខាងត្បូង Global South ឬក្រុមប្រទេសកំពុងអភិវឌ្ឍន៍ បច្ចុប្បន្នមានសំឡេងមិនធ្ងន់នោះទេ នៅឯអង្គការសហប្រជាតិ (UN) ហើយ UN កំពុងកាន់តែបាត់បង់ឥទ្ធិពលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារកើនឡើងនៃជម្លោះនយោបាយនិងសេដ្ឋកិច្ច នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការអត្ថាធិប្បាយរបស់លោកប្រមុខការទូតចិន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ក្នុងឱកាសចេញផ្សាយសៀវភៅសមួយ ដែលរៀបរាប់ពីមធ្យោបាយ ដើម្បីធ្វើឱ្យអភិបាលកិច្ចសកល កាន់តែមានយុត្តិធម៌និងសមធម៌។ ដោយអំពាវនាវចង់ឱ្យក្រុមប្រទេស Global South មានសំឡេងធ្ងន់ជាងមុន លោក Wang បាននិយាយថា ប្រទេសនានាមិនថាធំឬតូច ខ្លាំងឬខ្សោយ អភិវឌ្ឍន៍ជឿនលឿន ឬកំពុងតែអភិវឌ្ឍន៍ គឺសុទ្ធតែជាសមាជិកស្មើភាពគ្នា នៅក្នុងសហគមន៍អន្តរជាតិ។ លោក Wang បានបន្ថែមថា បញ្ហាប្រឈមថ្មីៗបន្តបន្ទាប់គ្នា បាននិងកំពុងនាំមកនូវវិបត្តិសកលដែលប្រទាក់ក្រឡាគ្នាជាខ្លាំង។
គួរបញ្ជាក់ថា បើតាមលោក Wang Yi សៀវភៅសខាងលើរបស់ចិន មានគោលដៅកសាងការឯកភាពរួមជាអន្តរជាតិ ស្តីពីការឆ្លើយតបដោយមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមសកល ហើយលោកបានសង្កត់ធ្ងន់ថា ការគោរពនិងការពារសិទ្ធិអំណាច ក៏ដូចជាឋានៈរបស់ UN គឺមានសារសំខាន់ជាខ្លាំង ចំពោះភាពជោគជ័យនៃគោលដៅនេះ៕







