កូរ៉េខាងត្បូង នឹងបន្ធូរបន្ថយការរឹតត្បិតសម្រាប់ជនស៉ីវិល នៅតាមបណ្តោយព្រំដែនកូរ៉េខាងជើង (Video inside)
17-06-2026 14:37
(សេអ៊ូល)៖ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ជនស៉ីវិលនៅកូរ៉េខាងត្បូង នឹងអាចទៅជិតព្រំប្រទល់ជាមួយកូរ៉េខាងជើង ជាងមុនបានប៉ុន្មានគីឡូម៉ែត្រ ក្រោមការកែសម្រួលគោលកាណ៍ថ្មី ដែលពង្រីកការអនុញ្ញាតឱ្យសាធារណជនទូទៅ ចូលទៅកាន់តំបន់ព្រំដែនដែលមានការយាមកាមយ៉ាងតឹងរ៉ឹង ដោយកងកម្លាំងយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសកូរ៉េទាំង២ បើតាមបច្ចេកទេស គឺបន្តស្ថិតក្នុងស្ថានភាពមានសង្រ្គាមនឹងគ្នា ដោយសារតែជម្លោះកាលពីឆ្នាំ១៩៥០-១៩៥៣ បានបិទបញ្ចប់ត្រឹមតាមរយៈបទឈប់បាញ់ ដោយមិនមានសន្ធិសញ្ញាសន្តិភាពផ្លូវការនោះទេ ហើយត្រូវបានខណ្ឌចែកគ្នា ដោយតំបន់ទ្រនាប់គ្មានយោធាមួយ ឬ DMZ ដែលព្រំប្រទល់ប្រទេសទាំងពីរ រត់កាត់។
ខ្សែបន្ទាត់គ្រប់គ្រងជនស៉ីវិល ហៅកាត់ថា CCL ជាយូរមកហើយ បានរឹតត្បិតជនស៉ីវិលមិនឱ្យចូលទៅកាន់តំបន់ដែលស្ថិតក្នុងរង្វង់ ១០គីឡូម៉ែត្រ ពីភាគខាងត្បូងព្រំដែនឡើយ ដើម្បីការពារមូលដ្ឋានយោធា។ ប៉ុន្តែឥឡូវនេះ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បានប្រាប់ថា ខ្សែបន្ទាត់ CCL នឹងត្រូវបង្រួញមកនៅចម្ងាយមធ្យមត្រឹម៦គីឡូម៉ែត្រ ដែលនឹងបើកផ្លូវឱ្យអ្នកភូមិ កសិករ និងទេសចរ អាចចូលទៅកៀកតំបន់នេះជាងមុន។ បើតាមលោក Ahn ការកែសម្រួលនេះ មានគោលដៅបង្កើនភាពងាយស្រួល សម្រាប់អ្នកស្រុករស់នៅក្បែរតំបន់ព្រំដែន ហើយទន្ទឹមគ្នាធានានូវប្រសិទ្ធភាពនៃប្រតិបត្តិការយោធា។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កូរ៉េខាងត្បូង បានដកចេញឧបករណ៍បំពងសំឡេង ដែលធ្លាប់ត្រូវបានប្រើប្រាស់ដើម្បីចាក់ចម្រៀង K-pop និងផ្សាយព័ត៌មាន ចូលទៅកូរ៉េខាងជើង ស្របពេលដែលរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Lee Jae Myung ព្យាយាមចង់បន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង៕






