លោក ត្រាំ រិះគន់តាក់ទិកសង្រ្គាមអ៉ីស្រាអែលនៅលីបង់ ហើយថាបានបណ្តាលឱ្យជនស៉ីវិលស្លាប់ (Video inside)

17-06-2026 15:25

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញការស្តីបន្ទោសជាសាធារណៈដ៏កម្រ ជុំវិញយុទ្ធសាស្ត្រយោធារបស់អ៉ីស្រាអែលនៅលីបង់ ដែលផ្តោតលើក្រុមហេសបូឡា ដោយនិយាយថា វាមិនចាំបាច់ត្រូវទម្លាក់គ្រាប់បែកលើអគារផ្ទះល្វែងទាំងមូល ដើម្បីតាមប្រមាញ់ពួកសកម្មប្រយុទ្ធនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧​ ខែមិថុនា ឆ្នាំ២០២៦។

លោក ត្រាំ ដែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានសម្តែងការមិនពេញចិត្ត ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល នៅក្នុងទីក្រុងបេរូត បាននិយាយថា អ៉ីស្រាអែល ប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ «យូរពេកហើយ»។

នៅឯកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង លោក ត្រាំ គូសបញ្ជាក់ថា «មនុស្សជាច្រើនត្រូវបានសម្លាប់។ អ្នក (អ៉ីស្រាអែល) មិនចាំបាច់បំផ្លាញអគារផ្ទះល្វែងទាំងមូល រាល់ពេលចង់រកនរណាម្នាក់ឡើយ ព្រោះមានមនុស្សច្រើននៅក្នុងនោះ ហើយពួកគេមិនមែនសុទ្ធតែជាហេសបូឡា»។

យ៉ាងនេះក្តី លោក ត្រាំ បាននិយាយថា លោកមានទំនាក់ទំនងដ៏អស្ចារ្យ ជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បេចាមីន ណេតាន់យ៉ាហ៊ូ ហើយថាបើគ្មានសហរដ្ឋអាមេរិក ក៏គ្មានអ៉ីស្រាអែលដែរ៕