IEA ព្យាករណ៍ថា ការផ្គត់ផ្គង់ប្រេងនឹងកើនឡើងលើសតម្រូវការយ៉ាងច្រើននៅឆ្នាំ២០២៧ ក្រោយច្រកសមុទ្រហ័រមូសបើកដំណើរការវិញ (Video inside)
17-06-2026 23:20
(ឡុងដ៍)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃពុធ បានព្យាករណ៍នៅក្នុងរបាយការណ៍ទីផ្សារប្រេងប្រចាំខែរបស់ខ្លួនថា ទីផ្សារប្រេងនឹងជួបប្រទះនូវអតិរេកនៃការផ្គត់ផ្គង់ (ការផ្គត់ផ្គង់លើសតម្រូវការ) យ៉ាងច្រើនសន្ធឹកសន្ធាប់នៅឆ្នាំ២០២៧ បន្ទាប់ពីចង្វាក់ផ្គត់ផ្គង់ត្រូវបានស្តារឡើងវិញពីការបិទច្រកសមុទ្រហ័រមូស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្យាករណ៍នេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសពីកិច្ចព្រមព្រៀងបណ្តោះអាសន្នបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ដែលតម្រូវឱ្យមានការបើកច្រកសមុទ្រហ័រមូស និងបញ្ចប់ការបិទខ្ទប់កំពង់ផែ ដែលនេះនឹងបញ្ចប់នូវការរំខានដល់ការផ្គត់ផ្គង់ប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ យោងតាម IEA សង្គ្រាមនេះបានធ្វើឱ្យការផលិតប្រេងនៅមជ្ឈិមបូព៌ាជាង ១៤លានធុងក្នុងមួយថ្ងៃ ត្រូវរាំងស្ទះមិនអាចនាំចេញបាន។
នៅក្នុងការព្យាករណ៍បឋមសម្រាប់ឆ្នាំ២០២៧ ទីភ្នាក់ងារ IEA បានបញ្ជាក់ថា ទីផ្សារប្រេងនឹងធ្លាក់ចូលទៅក្នុងស្ថានភាពផ្គត់ផ្គង់លើសតម្រូវការយ៉ាងខ្លាំង ដោយសារការផ្គត់ផ្គង់ត្រូវបានរំពឹងថានឹងកើនឡើងរហូតដល់ ៨លានធុងក្នុងមួយថ្ងៃ ខណៈដែលតម្រូវការកើនឡើងត្រឹមតែ ២លានធុងក្នុងមួយថ្ងៃប៉ុណ្ណោះ។ IEA បានបន្ថែមថា អតិរេកដ៏ធំនេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ទីផ្សារ ក្នុងការបំពេញស្តុកបម្រុងដែលបានរីងស្ងួត និងការកសាងស្តុកយុទ្ធសាស្ត្រថ្មីៗ ខណៈដែលបណ្តាប្រទេសនានាកំពុងពិនិត្យឡើងវិញនូវគោលនយោបាយសន្តិសុខថាមពលរបស់ខ្លួន បន្ទាប់ពីឆ្លងកាត់វិបត្តិដ៏អាក្រក់នេះរួចមក៕




