ចិន និងមីយ៉ាន់ម៉ា ប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាស្នូល នៅក្នុងសេចក្តីថ្លែងការណ៍រួម (Video inside)
17-06-2026 23:22
(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធ បានចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីជំនួបថ្នាក់ដឹកនាំកំពូលនៅទីក្រុងប៉េកាំងកាលពីដើមសប្តាហ៍នេះ ដោយបានប្រកាសថា ប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលមានផលប្រយោជន៍ស្នូល និងក្តីបារម្ភចម្បង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ចិនបានស្វាគមន៍ចំពោះការបោះឆ្នោតទូទៅនៅមីយ៉ាន់ម៉ា និងបានបញ្ជាក់សាជាថ្មីពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគីទាំងពីរបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសម្ខាងទៀតនោះឡើយ។
ទន្ទឹមនឹងនេះ ប្រទេសជិតខាងទាំងពីរបានប្តេជ្ញាជំរុញការអនុវត្តគម្រោងច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា រួមទាំងគម្រោងធំៗដូចជា កំពង់ផែសមុទ្រទឹកជ្រៅ Kyaukpyu និងផ្លូវដែកមូសេ-ម៉ាន់ដាឡេ (Muse-Mandalay) ជាដើម។ លើសពីនេះ ភាគីទាំងពីរក៏បានយល់ព្រមធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យរ៉ែ សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត (AI) កសិកម្ម ការប្រើប្រាស់បំពង់បង្ហូរប្រេង-ឧស្ម័ន និងការតភ្ជាប់បណ្តាញអគ្គិសនីផងដែរ។
រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបញ្ជាក់ពីការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិរបស់មីយ៉ាន់ម៉ាតាមរយៈការសន្ទនានយោបាយ ព្រមទាំងគាំទ្រឱ្យមីយ៉ាន់ម៉ាចូលរួមដោយពេញលេញ ស្មើភាព និងស្ថាបនានៅក្នុងអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ជាការឆ្លើយតប ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) បានអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅពេលវេលាដ៏សមស្របណាមួយផងដែរ៕




