នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ កិច្ចព្រមព្រៀងបឋមអាមេរិក-អ៉ីរ៉ង់ចូលជាធរមានភ្លាមៗ ក្រោយភាគីទាំង២ចុះហត្ថលេខា (Video inside)
18-06-2026 09:01
(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាអនុស្សរណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់បានចូលជាធរមានហើយ បន្ទាប់ពីភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗផងដែរ។ លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «អនុស្សរណយោគយល់ ឬកិច្ចព្រមព្រៀងបឋមនឹងត្រូវចូលជាធរមានភ្លាមៗ ហើយជាការបោះជំហានបឋម សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់នឹងត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអមេរិកនឹងដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗ»។
លោក Sharif ក៏បានទទួលស្គាល់ដែរថាប៉ាគីស្ថាន ដោយមានការគាំទ្រពីកាតា នឹងទទួលខុសត្រូវរៀបចំពិធីផ្លូវការមួយនៅក្នុងប្រទេសស្វ៉ីសនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា តាមការគ្រោងទុក។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក និងអ៉ីរ៉ង់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ខាងលើតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ។ នៅក្រោមកិច្ចព្រមព្រៀងបឋមនេះដែលមាន១៤ចំណុច នឹងពន្យារបទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីខែមេសា រយៈពេល៦០ថ្ងៃបន្ថែម ក្នុងនោះរាប់បញ្ចូលទាំងសង្រ្គាមនៅលីបង់ ដើម្បីទុកពេលឱ្យភាគីទាំង២ចរចាលើកិច្ចព្រមព្រៀងចុងក្រោយ។
ប៉ុន្តែលោក ដូណាល់ ត្រាំ ក៏បានព្រមានដែរថានឹងទម្លាក់គ្រាប់បែកឡើងវិញ ប្រសិនបើអ៉ីរ៉ង់បំពានលើកិច្ចព្រមព្រៀង៕








