លោក Lula ប្រាប់លោក ត្រាំ នៅឱ្យឆ្ងាយពីការបោះឆ្នោតរបស់ប្រេស៊ីល (Video inside)
18-06-2026 10:03
(Reuters)៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានសិទ្ធិស្រឡាញ់បេក្ខជននៅក្នុងការបោះឆ្នោតរបស់ប្រេស៊ីល ប៉ុន្តែបានព្រមានកុំឱ្យសមភាគីអាមេរិករបស់លោកជ្រៀតជ្រែកកិច្ចការបោះឆ្នោតសកលប្រេស៊ីលក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Lula ដែលមានបំណងឈរឈ្មោះជាថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រេស៊ីល នៅខែតុលាខាងមុខនេះ ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីលោក ត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មានថាស្ថានការណ៍នយោបាយនៅក្នុងប្រទេសប្រេស៊ីលមានសភាពគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។
គូប្រជែងធំបំផុតរបស់លោក Lula នៅក្នុងការបោះឆ្នោតសកលនៅខែតុលាខាងមុខ គឺសមាជិកព្រឹទ្ធសភាប្រេស៊ីល លោក Flavio Bolsonaro ជាកូនប្រុសរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ និងកំពុងរស់នៅជាប់ឃុំឃាំងនៅក្នុងផ្ទះ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសកាលពីឆ្នាំ២០២៥ ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្រោយចាញ់ការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២២។
លោក ត្រាំ បានជួបលោក Flavio Bolsonaro កាលពីខែឧសភា រួមជាមួយប្អូនប្រុសរបស់លោក គឺលោក Eduardo Bolsonaro ជាអតីតសមាជិកសភាប្រេស៊ីលកំពុងរស់នៅ ក្នុងសហរដ្ឋអាមេរិក។ លោក ត្រាំកាលពីប៉ុន្មានសប្ដាហ៍មុនក៏បានជួបលោក Lula ផងដែរ។ លោក Eduardo Bolsonaro ដែលកំពុងស្វែងរកការគាំទ្រពីអន្តរជាតិសម្រាប់គ្រួសាររបស់លោក ត្រូវបានតុលាការកំពូលប្រេស៊ីលរកឃើញថាមានពិរុទ្ធភាពលើបទចោទប្រកាន់ថាបានព្យាយាមស្វែងរកការគាំទ្រពីរដ្ឋបាលលោក ត្រាំ ដើម្បីដាក់សម្ពាធលើសវនាការកាត់ទោសឪពុករបស់លោក កាលពីឆ្នាំមុន។ តែលោកបានច្រានចោលការចោទប្រកាន់បែបនេះ។
ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក បាននិយាយថាការកាត់ទោសលោក Eduardo Bolsonaro គឺជាកិច្ចប្រឹងប្រែងមួយក្នុងការប្រើប្រាស់ផ្លូវច្បាប់ និងតុលាការប្រេស៊ីលប្រឆាំងនឹងអ្នកនយោបាយបក្សប្រឆាំង។ អ្នកនាំពាក្យរូបនេះបន្ថែមថាបញ្ហានយោបាយគួរតែត្រូវបានដោះស្រាយដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងមិនមែនតាមរយៈការកាត់ទោសនោះទេ៕




