មន្រ្តីអឺរ៉ុប អះអាងពីការបើកបណ្តាញទំនាក់ទំនង ជាមួយវិមានក្រឹមឡាំង
18-06-2026 11:24
(ព្រុចសែល)៖ មន្រ្តីម្នាក់នៃសហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះ ថាការិយាល័យរបស់លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានធ្វើទំនាក់ទំនងខ្លីៗកម្រិតការទូត ជាមួយវិមានក្រឹមឡាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការបើកបណ្តាញទំនាក់ទំនង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។
ដោយសុំមិនបញ្ចេញឈ្មោះ មន្រ្តីរូបនេះបញ្ជាក់ថា «គ្មានការពិភាក្សាធំដុំទេពាក់ព័ន្ធសេណារីយ៉ូទៅថ្ងៃអនាគត។ EU មានផលប្រយោជន៍ជាក់លាក់ដែលត្រូវការពារ ដូច្នេះវាមានសារៈសំខាន់ក្នុងការបង្កើតបណ្តាញការទូតជាមួយរុស្ស៉ី»។ មន្រ្តីដដែលបន្ថែមថា «EU មិនមែនជាអ្នកសម្រុះសម្រួលទេ EU គាំទ្រអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង»។
គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មកនេះ មេដឹកនាំអឺរ៉ុបមួយចំនួន បានបង្កើនការពិភាក្សាទៅលើលទ្ធភាពនៃការជជែកផ្ទាល់ជាមួយរុស្ស៉ី ជុំវិញសង្គ្រាមអ៊ុយក្រែន ក៏ដូចបញ្ហាសន្តិសុខផ្សេងៗ បន្ទាប់ពីបានទុកឱ្យទីក្រុងមូស្គូ ឯកោផ្នែកការទូតអស់ជាច្រើនឆ្នាំ ដោយសារតែបញ្ហាឈ្លានពានអ៊ុយក្រែន៕




