លោក​ ត្រាំ និងលោក ម៉ូឌី ជជែកគ្នាពីបញ្ហាពាណិជ្ជកម្ម សុវត្ថិភាពនាវិកឥណ្ឌានៅតំបន់ឈូងសមុទ្រ

18-06-2026 11:44

(EVIAN, បារាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកមានការសន្ទនាយ៉ាងល្អជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង ហើយថាប្រទេសទាំងពីរកំពុងធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។

លោក ត្រាំ បានហៅលោក ម៉ូឌី ថាជាអ្នកចរចាដ៏តស៊ូស្វិតស្វាញ ហើយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងទៅប្រទេសឥណ្ឌា នាពេលអនាគត។ លោក ម៉ូឌី បានប្រាប់លោក ត្រាំ ថាសុវត្ថិភាពនៃជនជាតិឥណ្ឌាដែលធ្វើការនៅតំបន់ច្រក Hormuz គឺមានសារៈសំខាន់បំផុតសម្រាប់ទីក្រុង New Delhi។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ​និងឥណ្ឌា ប្រែជាយ៉ាប់យ៉ឺន តាំងពីទីក្រុងវ៉ាស៉ីនតោន ដាក់ពន្ធខ្ពស់លើទំនិញឥណ្ឌា សម្រាប់ការទិញប្រេងពីរុស្ស៉ី និងការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយប៉ាគីស្ថាន ដែលជាគូប្រជែងរបស់ឥណ្ឌា។ កាលពីខែមុន ប្រមុខការទូតអាមេរិកបានធ្វើទស្សនកិច្ចប្រទេសឥណ្ឌា ដើម្បីជួសជុលទំនាក់ទំនង ប៉ុន្តែការ​ស្លាប់នាវិក​ឥណ្ឌា​ ៣នាក់ ​ក្នុង​ការ​វាយប្រហារ​លើ​កប៉ាល់​ពាណិជ្ជកម្ម​ ដោយ​កងទ័ពជើងទឹក​អាមេរិក​នៅតំបន់​ឈូង​សមុទ្រ​ បាន​ធ្វើឱ្យ​ទំនាក់ទំនងប្រទេសទាំងពីរ តានតឹ​ង​ឡើង​វិញ​។

យ៉ាងនេះក្តី ក្នុងជំនួបនៅឯបារាំង លោក ម៉ូឌី បានសម្តែងនូវទំនុកចិត្តថា បញ្ហាសុវត្ថិភាពនៃអ្នកដំណើរផ្លូវសមុទ្រជនជាតិឥណ្ឌា នឹងត្រូវបានចាត់ទុកជាអាទិភាព អំឡុងពេលនៃការឈានដល់អនុស្សារណៈយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ ដោយឡែក លោក ត្រាំ ក៏បាននិយាយថា សហរដ្ឋអាមេរិកនឹងការពារឥណ្ឌា៕