អាមេរិកអនុម័តគម្រោងលក់ឧទ្ធម្ភាគចក្រយោធា Black Hawk ឱ្យអូទ្រីស ក្នុងតម្លៃ១,៥ពាន់លានដុល្លារ (Video inside)
18-06-2026 13:31
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តគម្រោងតម្លៃ១,៥ពាន់លានដុល្លារ ស្តីពីការលក់ឧទ្ធម្ភាគចក្រ UH-60M Black Hawk ចំនួន១២គ្រឿង និងបរិក្ខារពាក់ព័ន្ធឱ្យទៅប្រទេសអូទ្រីស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ឧទ្ធម្ភាគចក្រ Black Hawk ដែលជាឧទ្ធម្ភាគចក្រអាចបំពេញមុខងារបានច្រើនយ៉ាង និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយយោធាអាមេរិក ក៏ដូចជាបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់អូទ្រីស ហើយធ្វើឱ្យកាន់តែប្រសើរឡើង កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ក្រសួងការបរទេសអាមេរិក បានបន្តថា ខ្លួនបានជូនដំណឹងទៅកាន់សភាអំពីគម្រោងលក់នេះហើយ ខណៈវាចាំបាច់ត្រូវការការអនុម័តចុងក្រោយពីក្រុមសមាជិកសភា។
គួរបញ្ជាក់ថា អូទ្រីសគឺជាប្រទេសអព្យាក្រឹតមួយ ដែលជាសមាជិកសហភាពអឺរ៉ុប (EU) ប៉ុន្តែមិនស្ថិតក្នុងអង្គការ NATO ទេ ហើយបាននិងកំពុងបន្តព្យាយាមធ្វើទំនើបកម្មយោធារបស់ខ្លួន ចំពោះមុខការរីកធំឡើងនៃក្តីកង្វល់ផ្នែកសន្តិសុខនៅទូទាំងទ្វីបអឺរ៉ុប ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕




