កូរ៉េខាងជើង ដកឯកអគ្គរដ្ឋទូតចេញពីចក្រភពអង់គ្លេស ហើយបន្ថយកម្រិតទំនាក់ទំនង ឆ្លើយតបការដាក់ទណ្ឌកម្ម (Video inside)
18-06-2026 14:16
(ព្យុងយ៉ាង)៖ វែបសាយតាមដានប្រទេសកូរ៉េខាងជើង NK News បានរាយការណ៍ថា កូរ៉េខាងជើង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំចក្រភពអង់គ្លេស ឱ្យត្រឡប់ទៅវិញ រយៈពេលត្រឹម ១ខែប៉ុណ្ណោះ ក្រោយចូលកាន់តំណែង ហើយទម្លាក់កម្រិតទំនាក់ទំនងការទូត ជាការឆ្លើយតបចំពោះការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ NK News ស្ថានទូតរបស់ទីក្រុងព្យុងយ៉ាងនៅទីក្រុងឡុងដ៍ បាននិយាយថា ខ្លួនបានដកឯកអគ្គរដ្ឋទូត លោក Mun Myong Sin ហើយបន្ថយកម្រិតទំនាក់ទំនងមកត្រឹមភារធារី រហូតទាល់តែចក្រភពអង់គ្លេស ដកចេញវិញទណ្ឌកម្មដែលបានដាក់លើជំរំវិស្សមកាលកុមារ Songdowon International Children’s Camp។
កាលពីខែឧសភា ទីក្រុងឡុងដ៍ បានចាត់ថ្នាក់ជំរំខាងលើ ជាផ្នែកមួយនៃបណ្តាញកម្មវិធីយុវជនធ្វើប្រតិបត្តិដោយវិមានក្រឹមឡាំង ដែលពាក់ព័ន្ធជាមួយនឹងការផ្លាស់ទីកុមារអ៊ុយក្រែនចេញពីតំបន់ត្រួតត្រាដោយរុស្ស៉ី និងការបញ្រ្ជាបមនោគមន័វិជ្ជាគាំទ្ររុស្ស៉ី ដល់កុមារទាំងនោះ។
ស្ថានទូតកូរ៉េខាងជើង បានចោទការដាក់ទណ្ឌកម្មនោះថា ជាទង្វើបង្កហេតុមួយដែលអមនុស្សធម៌ និងអសីលធម៌ ព្រមទាំងបង្កប់ចេតនានយោបាយ ហើយទីក្រុងឡុងដ៍ មានបំណងចង់បង្ខូចមុខមាត់របស់កូរ៉េខាងជើង និងបំផ្លាញទំនាក់ទំនងរបស់ទីក្រុងព្យុងយ៉ាងជាមួយរុស្ស៉ី។ កាលពីខែឧសភា ក្រសួងការបរទេសកូរ៉េខាងជើង ក៏ធ្លាប់បានថ្កោលទោសការដាក់ទណ្ឌកម្មនោះដែរ ហើយបានព្រមានថា ទីក្រុងឡុងដ៍នឹងរងផលវិបាកតបទៅវិញ។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកូរ៉េខាងជើង កាលពីឆ្នាំ២០២៥ ប៉ុន្តែស្ថានទូតខ្លួននៅទីក្រុងព្យុងយ៉ាង បានបន្តបិទទ្វារ ចាប់តាំងតែពីការផ្ទុះរាលដាលនៃជំងឺកូវីដមកម្ល៉េះ៕





