UN ព្រមានបញ្ចូលឈ្មោះក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ទៅក្នុងបញ្ជីខ្មៅពិភពលោក ជុំវិញការរំលោភបំពានកុមារ (Video inside)
18-06-2026 15:12
(ហ្ស៊េរុយសាឡិម)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថា ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល អាចត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅពិភពលោកសម្រាប់ការបំពានកុមារ ខណៈដែលលោកបានព្រមាន ពីការកើនឡើងនូវករណីរំលោភបំពានកុមារប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២៦។
របាយការណ៍ប្រចាំឆ្នាំរបស់ស្ថាប័នពិភពលោកស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ (CAAC) កត់ត្រាថាមានការបំពានធ្ងន់ធ្ងរ ចំនួន ៣៨ ៥៥៨ករណីទូទាំងពិភពលោក ក្នុងឆ្នាំ២០២៥ ដែលប៉ះពាល់ដល់កុមារចំនួន ២៤ ១៧៤នាក់ និងជាតួលេខថ្មី តាំងពី CAAC ចាប់ផ្តើមកត់ត្រានៅឆ្នាំ១៩៩៦។
ទិន្នន័យបង្ហាញថា កុមារចំនួន ១៤ ២២៤នាក់ត្រូវបានសម្លាប់ ឬពិការ ជាមួយការកើនឡើង ៣៤ភាគរយ លើសពីឆ្នាំ២០២៤។ អង្គការសហប្រជាជាតិ បានផ្ទៀងផ្ទាត់ទិន្នន័យនេះ ឃើញថាការសម្លាប់កុមារប៉ាឡេស្ទីន មានចំនួន ២ ៦៦៨នាក់នៅតំបន់ហ្កាហ្សា និង ៥៧នាក់នៅតំបន់ West Bank។
លោក Guterres បានលើកឡើងក្នុងរបាយការណ៍នោះថា «ខ្ខ្ញុំមានការព្រួយបារម្ភ ចំពោះការកើនឡើងនូវអំពើហិង្សា ពីក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ដែលបណ្តាលឱ្យមានការបំពានធ្ងន់ធ្ងរលើកុមារប៉ាឡេស្ទីន»។
តាមរបាយការណ៍របស់ CAAC ការបំពានធ្ងន់ធ្ងរចំនួន ៩ ៤៦៥ករណី ត្រូវបានសន្មត់ថាធ្វើឡើងដោយកងកម្លាំងអ៉ីស្រាអែល និង ៣២៦ករណី ជាអ្នកតាំងទីលំនៅអ៉ីស្រាអែល។ លោក Guterres ថាក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល គួរតែត្រូវបញ្ចូលក្នុងបញ្ជីខ្មៅ ប្រសិនបើតួលេខនៃការបំពាននៅតែខ្ពស់ ក្នុងឆ្នាំ២០២៦៕





