ហ្វាំងឡង់ នឹងទិញគ្រាប់បែកពីអាមេរិកសម្រាប់យន្តហោះចម្បាំង F-35 (Video inside)
18-06-2026 15:53
(ហែលស៉ិនគី)៖ ក្រសួងការពារជាតិហ្វាំងឡង់ បានឱ្យដឹងតាមសេចក្តីថ្លែងការណ៍ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ថាប្រទេសហ្វាំងឡង់ នឹងទិញគ្រាប់បែកប្រភេទ GBU-53 SDB II ពីសហរដ្ឋអាមេរិក សម្រាប់យន្តហោះចម្បាំង F-35 របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
GBU-53 SDB II គឺជាគ្រាប់បែកប្រភេទអណ្តែតខ្លួន ដែលត្រូវបានអះអាងថា មានសមត្ថភាពវាយប្រហារក្នុងកម្រិតជាក់លាក់ខ្ពស់ ពីរយៈកម្ពស់មធ្យម លើគោលដៅដែលអាចផ្លាស់ទី ទោះអំឡុងមានអាកាសធាតុមិនល្អក៏ដោយ។ ទំហំតូចរបស់វា អំណោយផលដល់ ការបំពាក់គ្រាប់បែក SDB II បានច្រើនគ្រាប់ នៅលើយន្តហោះចម្បាំង F-35។
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen បាននិយាយថា ការទិញគ្រាប់បែកនេះ បន្ថែមសមត្ថភាពថ្មី ក្នុងការវាយប្រហារពីដែនអាកាសទៅលើដីគោក ដល់កងយន្តហោះចម្បាំង F-35 របស់ប្រទេសហ្វាំងឡង់ ហើយបំពេញបន្ថែមចំពោះ ការទិញយន្តហោះចម្បាំង F-35 សរុប៦៤គ្រឿង ក្នុងទំហំទឹកប្រាក់ ៩,៤ពាន់លានដុល្លារពីក្រុមហ៊ុនអាមេរិក Lockheed Martin៕





