វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិន ជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំង ខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល
18-06-2026 17:50
(ប៉េកាំង)៖ ភាពរហោឋានកម្មត្រូវបានគេហៅថា «ជំងឺមហារីកនៃភពផែនដី» ដែលបង្កជាការគំរាមកំហែងដល់ការរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រទេសនិងតំបន់ជាង១១០ នៅទូទាំងពិភពលោក និងប្រជាជនជាង១.៥០០ លាននាក់រងផលប៉ះពាល់។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងការញាំញីរាតត្បាតពីរហោឋានកម្ម និងឱនភាពដីដ៏ធ្ងន់ធ្ងរអស់កាលជាយូរឆ្នាំកន្លងមក ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនដើម្បីបង្ការ ទប់ស្កាត់និងគ្រប់គ្រងរហោឋានកម្ម ដែលបានសន្សែសន្សំនូវបទពិសោធ ដ៏មានតម្លៃជាច្រើន។
ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង និងភូមិភាគស្វយ័តស៊ីនជាំង ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីឱនភាពដីនិងរហោឋានកម្ម ក្នុងនោះភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងបានរ៉ាប់រងភារកិច្ចគ្រប់គ្រងឱនភាពដីនិងរហោឋានកម្មលើសពី៦០% នៅទូទាំងប្រទេសចិន។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ តំបន់ទាំងពីរនេះបានរកឃើញនូវវិធីថ្មីៗសម្រាប់ការទប់ស្កាត់រហោឋានកម្ម ក្នុងនោះ ការដំឡើងបន្ទះសូឡាលើវាលខ្សាច់ជាបទពិសោធដ៏ជោគជ័យមួយ។
ដើមឡើយ គោលបំណងនៃការដំឡើងបន្ទះសូឡា គឺដើម្បីប្រើប្រាស់ថាមពលស្អាតនិងសន្សំសំចៃថាមពល ប៉ុន្តែរឿងដែលគួរឱ្យរីករាយ គឺគេប្រទះឃើញថា ស្មៅបៃតងបានដុះពេញព្រាតនៅក្រោមបន្ទះសូឡា ដែលក្រោយមកត្រូវបានគេហៅថា «ការគ្រប់គ្រងវាលខ្សាច់ដោយបន្ទះសូឡា» និងបង្កើតបានជារូបមន្ត «ពណ៌លឿង+ពណ៌ខៀវ=ពណ៌បៃតង» ដែលមានន័យថា បន្ទះសូឡាពណ៌ខៀវ ដែលបានតម្រៀបគ្នាជាជួរលើវាលខ្សាច់ពណ៌លឿង គឺមានមុខងារដូចជាដើមឈើ ដែលអាចកាត់បន្ថយកម្លាំងខ្យល់ និងបង្ការការហូរច្រោះដីខ្សាច់។ ម៉្យាងទៀត បន្ទះសូឡាបានបាំងពន្លឺព្រះអាទិត្យ មិនឱ្យចែងចាំងលើដី និងកាត់បន្ថយរំហួតជាតិទឹកក្នុងដី ហើយទឹកដែលលាងសម្អាតបន្ទះសូឡា តាមពេលកំណត់ក៏បានជ្រាបចូលទៅក្នុងដី ដែលនាំឱ្យមានស្មៅដុះចេញព្រោងព្រាត។
ប៉ុន្តែស្មៅដែលដុះនៅក្រោមបន្ទះសូឡា ប្រសិនជាដុះខ្ពស់ពេក វានឹងបាំងពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ប្រសិទ្ធភាព នៃការផលិតថាមពលអគ្គិសនី ពិសេសស្មៅដែលងាប់ឬក្រៀមស្វិតនៅរដូវរងា វាងាយនឹងឆាបឆេះបង្កជាគ្រោះអគ្គិភ័យ ដូច្នេះបុគ្គលិកក្នុងតំបន់ក៏បានរកឃើញវិធីមួយ ពោលគឺឃ្វាលសត្វពពែនិងចៀមឱ្យទៅស៊ីស្មៅនៅក្នុងបរិវេណដែលដំឡើងបន្ទះសូឡា ចំណាត់ការបែបនេះមិនត្រឹមតែបានជួយអ្នកគង្វាលឱ្យដោះស្រាយបញ្ហាកង្វះស្មៅចិញ្ចឹមសត្វ និងដោះស្រាយបញ្ហា ដែលស្មៅដុះខ្ពស់ជ្រុលប៉ុណ្ណោះទេ ប៉ុន្តែក៏បានឱ្យអ្នកគង្វាលអាចប្រើប្រាស់ថាមពលស្អាតក្នុងជីវភាពនិងចិញ្ចឹមសត្វផងដែរ ដែលបង្កើតបានជារូបមន្តវិលជុំផ្នែកអេកូឡូស៊ី ពោលគឺ«បន្ទះសូឡាផលិតថាមពលអគ្គិសនី ដាំស្មៅក្រោមបន្ទះសូឡា ចិញ្ចឹមពពែនិងចៀមក្នុងបរិវេណបន្ទះសូឡា» ដែលនាំមកនូវផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចដែលបង្កើនប្រាក់ចំណូលរបស់អ្នកគង្វាល និងប្រសិទ្ធភាពខាងការអភិរក្សប្រព័ន្ធអេកូឡូស៊ី បានកែប្រែតំបន់រហោឋានឱ្យក្លាយទៅជា ទីកន្លែងបង្កើតផលលាភសម្រាប់អ្នករស់នៅក្នុងតំបន់ និងជាគំរូនៃការរួមរស់ដោយសុខដុមរមនា រវាងមនុស្សនិងធម្មជាតិ។
គួរបញ្ជាក់ថា ទំហំផ្ទៃដីរហោឋានកម្មរបស់ប្រទេសចិនមានចំនួន២៥៧ លានហិកតា ដែលស្មើនឹង២៧% នៃទំហំផ្ទៃក្រឡាសរុប។ ឆ្លងតាមរយៈការប្រយុទ្ធប្រឆាំងនឹងឱនភាពដី និងរហោឋានកម្មអស់ពេលជាច្រើនឆ្នាំ ទំហំផ្ទៃដីដែលរងគ្រោះដោយសារឱនភាពដី និងរហោឋានកម្មបានផ្លាស់ប្តូរពីការរីកធំចំនួន៣៤ ម៉ឺនហិកតាក្នុងមួយឆ្នាំកាលពីចុងសតវត្សរ៍មុន មកជាការរួមតូចចំនួន៦៧ ហិកតាក្នុងមួយឆ្នាំ។ ការគ្របដណ្តប់នៃផ្ទៃដីបៃតងនៅតាមតំបន់វាលខ្សាច់ធំៗបានកើនឡើងដល់ជាង២០% ហើយធាតុអាកាស ដែលមានព្យុះខ្សាច់ក៏បានកាត់បន្ថយចំនួន៣០% បើប្រៀបធៀបនឹងរយៈពេល១០ ឆ្នាំមុន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិធានការគ្រប់គ្រងឱនភាពដីនិងរហោឋានកម្ម ប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសចិន បានរួមចំណែកជាផ្ទៃដីបៃតងថ្មីស្មើនឹងប្រហែល២៥% នៃពិភពលោកទាំងមូល។
ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ ដែលចូលរួម«សន្ធិសញ្ញាសហប្រជាជាតិស្តីពីការគ្រប់គ្រងរហោឋានកម្ម» ប្រទេសចិនបានសហការជាមួយដៃគូជាច្រើនដូចជា អារ៉ាប់ ម៉ុងហ្គោលី អាស៊ីកណ្តាល និងអាហ្វ្រិកជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងឱនភាពដីនិងរហោឋានកម្ម ក្នុងនោះ ចិនបានជួយបណ្តុះបណ្តាលសិក្ខាកាមផ្នែកប្រយុទ្ធប្រឆាំងនឹង ឱនភាពដីនិងរហោឋានកម្ម ដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ក្នុងទ្វីបអាស៊ី អាហ្វ្រិកនិងអាមេរិកឡាទីនចំនួនជិតមួយរយរូបជារៀងរាល់ឆ្នាំ។
បញ្ហាឱនភាពដីនិងរហោឋានកម្មជាការប្រឈមរួមរបស់មនុស្សជាតិទាំងមូល ឯការងារប្រយុទ្ធប្រឆាំងនឹងឱនភាពដីនិងរហោឋានកម្មជា ភារកិច្ចដ៏លំបាកលំបិនដែលត្រូវចំណាយពេលដ៏យូរនិងកម្លាំងមនុស្សច្រើន។ បទពិសោធល្អៗរបស់ប្រទេសចិន មិនត្រឹមតែបានកាត់បន្ថយ ផលប៉ះពាល់ពីឱនភាពដីនិងរហោឋានកម្មនៅក្នុងប្រទេសខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចែករំលែកជាមួយបណ្តាប្រទេស ដែលរងផលប៉ះពាល់ផងដែរ។ មានតែប្រទេសនានារួមកម្លាំងគ្នា ទើបអាចរកឃើញដំណោះស្រាយដែលមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃឱនភាពដីនិងរហោឋានកម្មសកល ហើយនាំមកនូវផ្ទៃដីបៃតងកាន់តែច្រើនឡើងៗ សម្រាប់ភពផែនដីរបស់យើង៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន





