អ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា កើនដល់លើស ១ពាន់នាក់ ចាប់តាំងពីមានបទឈប់បាញ់ (Video inside)
18-06-2026 20:53
(គែរ)៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា ជនជាតិប៉ាឡេស្ទីនចំនួន ១,០០៨នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ដែលសម្របសម្រួលដោយអាមេរិក ចូលជាធរមានកាលពីខែតុលា ឆ្នាំ២០២៥។ តួលេខនេះកើនឡើង បន្ទាប់ពីការវាយប្រហារថ្មីមួយលើរថយន្តក្នុងទីក្រុងហ្គាហ្សា បានសម្លាប់មនុស្ស ៣នាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួនគឺដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមហាម៉ាស ខណៈខ្លួនក៏បានបាត់បង់ទាហាន ៤នាក់ផងដែរក្នុងអំឡុងពេលនោះ។ បច្ចុប្បន្ន កិច្ចចរចាដើម្បីអនុវត្តដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជាប់គាំង ដោយសារផែនការនេះទាមទារឱ្យក្រុមហាម៉ាសទម្លាក់អាវុធ ជាថ្នូរនឹងការដកទ័ពរបស់អ៊ីស្រាអែល។
ប្រេសិតសន្តិភាពរបស់លោក ត្រាំ គឺលោក នីកូឡៃ ម៉ាដេណូវ (Nickolay Mladenov) កំពុងជួបពិភាក្សាជាមួយអ្នកសម្របសម្រួលមកពីអេហ្ស៊ីប កាតា និងតួកគី ក្នុងទីក្រុងគែរ។ ប្រភពបានបង្ហើបថា លោក ម៉ាដេណូវ បានផ្តល់សេចក្តីព្រាងកែសម្រួលថ្មីមួយទៅឱ្យក្រុមហាម៉ាស ដើម្បីដោះស្រាយក្តីកង្វល់មួយចំនួន ប៉ុន្តែនៅតែរក្សាគោលការណ៍ស្នូលរបស់អាមេរិកដដែល ខណៈក្រុមហាម៉ាសកំពុងសិក្សាលើសំណើនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអ៊ីស្រាអែលនៅតែបន្តត្រួតត្រាទឹកដីជាង ៦០ភាគរយនៃតំបន់ហ្គាហ្សា ដែលបង្ខំឱ្យពលរដ្ឋប៉ាឡេស្ទីនជិត ២លាននាក់ ត្រូវរស់នៅយ៉ាងកកកុញក្នុងតំបន់ឆ្នេរតូចចង្អៀត ដោយភាគច្រើនរស់នៅក្នុងតង់ និងអគារបាក់បែកដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕




