អ៊ុយក្រែនវាយប្រហារចំកណ្តាលក្រុងមូស្គូ បង្កការផ្ទុះរោងចក្រចម្រាញ់ប្រេងយ៉ាងសន្ធោសន្ធៅ
18-06-2026 22:06
(ម៉ូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា មានកម្លាំងផ្ទុះដ៏ខ្លាំងក្លាបានធ្វើឱ្យគម្របអាងស្តុកប្រេងរាងថាសដ៏ធំមួយ ហោះប៉ើងឡើងទៅលើមេឃទីក្រុងមូស្គូ ក្រោយពីយន្តហោះដ្រូនរបស់អ៊ុយក្រែន បានហោះគេចពីប្រព័ន្ធការពារដែនអាកាសរុស្ស៊ី និងវាយប្រហារចំរោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅភាគអាគ្នេយ៍ទីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការវាយប្រហារនេះ គឺជាការវាយប្រហារលើកទី២ ហើយ ក្នុងរយៈពេល ៣ថ្ងៃ ដែលបានបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់។ វាគឺជាផ្នែកមួយនៃយុទ្ធនាការរបស់អ៊ុយក្រែន ក្នុងការកម្ទេចឧស្សាហកម្មប្រេង ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ផ្គត់ផ្គង់សង្គ្រាមរបស់រុស្ស៊ី។ លើសពីនេះ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលស្ថិតនៅចម្ងាយត្រឹមតែ ១៦គីឡូម៉ែត្រពីវិមានក្រឹមឡាំង គឺជាសារដាស់តឿនយ៉ាងច្បាស់មួយទៅកាន់ប្រជាជនរុស្ស៊ីទូទៅ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) បានបង្ហោះសារបញ្ចើចបញ្ចើនៅលើបណ្តាញសង្គម X ថា «ពលរដ្ឋមូស្គូសួរថា៖ មានរឿងអ្វីកើតឡើង? ចម្លើយគឺប្រទេសរបស់អ្នកបានចាប់ផ្តើមសង្គ្រាមឈ្លានពានមកលើប្រទេសយើង។ ឥឡូវអ្នកដឹងហើយ ចូរទៅសួរពូទីនទៅ ថាតើពេលណាទើបគាត់ចង់បញ្ចប់រឿងនេះ?»។
គួរបញ្ជាក់ថា អ៊ុយក្រែនចាត់ទុកភាពជោគជ័យនៃការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីនេះ ថាជាភស្តុតាងបញ្ជាក់ថា ខ្លួនកំពុងបង្វែរស្ថានការណ៍សង្គ្រាមឱ្យមានប្រៀបជាងមុន ដែលនេះជាសារដ៏សំខាន់ដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានពាំនាំទៅប្រាប់លោក ដូណាល់ ត្រាំ និងមេដឹកនាំ G7។
ជាការឆ្លើយតប ជំនួយការវិមានក្រឹមឡាំងបានបដិសេធថា ស្ថានការណ៍សមរភូមិមិនបានផ្តល់អត្ថប្រយោជន៍ដល់អ៊ុយក្រែននោះទេ ហើយបានចោទប្រកាន់ថា លោក ត្រាំ ត្រូវបាន «បំពុល» ដោយគំនិតអាក្រក់ៗពីកិច្ចប្រជុំ G7។ ទោះជាយ៉ាងណា មិនទាន់មានការអត្ថាធិប្បាយណាមួយពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលកំពុងជាប់រវល់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំអាស៊ីអាគ្នេយ៍នៅទីក្រុងកាហ្សាន់ នៅឡើយទេ៕






