តម្លៃប្រេងឆៅ បន្តធ្លាក់ចុះ ស្របពេលមានលំហូរផ្គត់ផ្គង់ចេញតាមច្រកសមុទ្រ Hormuz (Video inside)

19-06-2026 11:44

(Reuters)៖ នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៥៤សេន មកនៅជាង ៧៨ដុល្លារក្នុងមួយបារ៉ែល។ រីឯតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ ៤៦សេន មកនៅតម្លៃជាង ៧៦ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងអន្តរជាតិទាំងពីរនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីថ្ងៃព្រហស្បតិ៍ ខណៈនាវាដឹកប្រេងជាច្រើន រួមទាំងនាវាដោតទង់ជាតិអារ៉ាប៊ីសាអូឌីត ៣គ្រឿងផ្ទុកប្រេងឆៅ ៦លានបារ៉ែល បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។

ក្រុមអ្នកវិភាគរំពឹងថា នៅក្រោមការព្រមព្រៀងគ្នានេះ នឹងនាំឱ្យប្រេងជាង ៨៥លានបារ៉ែលដែលជាប់គាំងនៅឈូងសមុទ្រមជ្ឈិមបូព៌ា ត្រូវបញ្ចេញទៅកាន់ទីផ្សារពិភពលោក។ ការព្រមព្រៀងគ្នាក៏នឹងរួមបញ្ចូលផងដែរ នូវការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងអ៉ីរ៉ង់ ដែលនឹងបន្ថែមដល់ការផ្គត់ផ្គង់ទីផ្សារ៕