កិច្ចពិភាក្សាអាមេរិក-អ៉ីរ៉ង់ ដែលគ្រោងធ្វើឡើងនាថ្ងៃសុក្រនេះនៅប្រទេសស្វ៉ីស ត្រូវបានលើកពេល (Video inside)
19-06-2026 13:57
(ប៊ែន)៖ ប្រទេសស្វ៉ីសបានប្រកាសឱ្យដឹងវិញថា កិច្ចពិភាក្សាដែលគ្រោងធ្វើឡើងនាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តអនុស្សរណៈយោគយល់អាមេរិក-អ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ត្រូវបានពន្យារពេល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទេសស្វ៉ីស បាននិយាយថា គម្រោងបើកកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក អ៉ីរ៉ង់ កាតា និងប៉ាគីស្ថាន នៅភ្នំរីសត Burgenstock ត្រូវបានលើកពេល។ ទីក្រុងប៊ែនបានបន្ថែមថា ស្វ៉ីសនៅតែបន្តត្រៀមលក្ខណៈជានិច្ច ដើម្បីជួយសម្របសម្រួលដល់កិច្ចពិភាក្សាទាំងនេះ ហើយការងារត្រៀមរៀបចំនៅ Burgenstock កំពុងតែបន្ត។ យ៉ាងណាមិញ ខាងស្វ៉ីសមិនបានផ្តល់កាលបរិច្ឆេទថ្មី សម្រាប់កិច្ចពិភាក្សាទេ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើ គឺធ្វើឡើងបន្ទាប់ពីសេតវិមានបានប្រកាសថា អនុប្រធានាធិបតីអាមេរិក លោក JD Vance នឹងមិនបានចេញដំណើរឆ្ពោះមកប្រទេសស្វ៉ីស កាលពីយប់ថ្ងៃព្រហស្បតិ៍ឡើយ ដោយសារតែបញ្ហាពាក់ព័ន្ធផ្នែកឡូជីស្ទីគ ពុំទាន់អាចដោះស្រាយរួច។ បន្ទាប់ពីសង្រ្គាមផ្ទុះឡើងតាំងតែពីចុងខែកុម្ភៈ ទីបំផុតអាមេរិកនិងអ៉ីរ៉ង់ ក្នុងសប្តាហ៍នេះ សម្រេចបានកិច្ចព្រមព្រៀងបឋម ដើម្បីបិទបញ្ចប់ជម្លោះទៅវិញ។ ក្រោយមានកិច្ចព្រមព្រៀងបឋម ភាគីទាំងពីរត្រូវបន្តចរចាគ្នារយៈពេល៦០ថ្ងៃ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយចុងក្រោយ៕







