ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហាររបស់ UN ស្វែងរកថវិកា ២០២លានដុល្លារ ដើម្បីជួយមនុស្សជិត ៩លាននាក់ ពីផលប៉ះពាល់ដោយបាតុភូតអាកាសធាតុ El Niño (Video inside)

19-06-2026 16:35

(រ៉ូម)៖ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវរកថវិកា ២០២លានដុល្លារ ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño ដែលកំពុងបញ្ចេញឥទ្ធិពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦។

FAO និង WFP បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុ El Niño ខ្លាំង នៅក្នុងឆមាសទីពីរឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងបង្កើនលទ្ធភាពនៃគ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះ នៅទូទាំងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក អាស៉ី ប៉ាស៉ីហ្វិក ⁠និងអាមេរិកឡាទីន និងការីបៀន។

ប្រទេសចំនួន ២២ដែលប្រឈមហានិភ័យជាងគេគឺ កាមេរូន អេត្យូពី កេនយ៉ា ម៉ាដាហ្គាស្ការ ម៉ាឡាវី ម៉ូសំប៊ិក នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ូដង់ អ៊ូហ្កង់ដា និងស៉ីមបាវ៉េ នៅអាហ្វ្រិក។ អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ហ្វីលីពីន និងទីម័រខាងកើត នៅអាស៉ីប៉ាស៉ីហ្វិក។ កូឡុំប៊ី អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហៃទី ហុងឌូរ៉ាស និងវេណេស៊ុយអេឡា នៅអាមេរិកឡាទីន និងការីបៀន។

មូលនិធិបន្ថែមនឹងអនុញ្ញាតឱ្យ FAO និង WFP ពង្រីកការជួយលើសពីមនុស្ស ១,២លាននាក់ដែលបានកំណត់រួច។ ជំនួយដែលបានគ្រោងទុក រួមមានការឧបត្ថម្ភសាច់ប្រាក់ ផ្តល់គ្រាប់ពូជដំណាំដែលធន់នឹងអាកាសធាតុ ការការពារបសុសត្វ និងវិធានការគ្រប់គ្រងទឹកជំនន់។

គួរបញ្ជាក់ថា បាតុភូត El Niño បង្កឱ្យមានការឡើងកម្តៅទឹកសមុទ្រ ក្នុងតំបន់ប៉ាស៉ីហ្វិកភាគខាងកើត។ វាកើតឡើងដោយធម្មជាតិ រៀងរាល់ ២ ទៅ ៧ឆ្នាំម្តង ហើយអាចអូសបន្លាយក្នុងចន្លោះពេល ៩ ទៅ ១២ខែ៕