បទវិភាគ៖​ សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់

19-06-2026 17:58

(ប៉េកាំង)៖ ពីការ​ទទួលបានការគាំទ្រនិងឆ្លើយតបយ៉ាងឆាប់រហ័ស​ពីប្រទេសនិងអង្គការអន្តរជាតិ​ជិត ​១៦០ ​ដល់​ការដែល​ប្រទេសជាង ​៦០ ​បានចូលរួម​ "ក្រុមមិត្តភក្ដិនៃអភិបាលកិច្ចសកល"​ យ៉ាង​សកម្ម​រហូតដល់​មេដឹកនាំបរទេសជាច្រើនរូប​ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​ចិន​នាពេលថ្មី​ៗកន្លងទៅនេះ ​បាន​សម្តែងការកោតសរសើរខ្ពស់​ ហើយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អនុវត្តជាក់ស្តែង ​។ ​ចាប់តាំងពី​បាន​លើកឡើង​គំនិតផ្តួចផ្តើម​អភិបាល​កិច្ច​សកល ​កាលពី​ខែកញ្ញា ​ឆ្នាំ ​២០២៥ ​មក ​ហេតុអ្វីបានជា​គំនិតផ្តួចផ្តើមអភិបាល​កិច្ច​សកល​ អាច​ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង​បែបនេះ ​? ​សៀវភៅស​ក្រោម​ចំណង​ជើង​ «កសាង​ប្រព័ន្ធ​អភិបាលកិច្ច​សកល​ដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ទស្សនៈ ​គំនិតផ្តួចផ្តើម​និង​ប្រតិបត្តិការ​របស់ប្រទេសចិន» ដែល​ចេញផ្សាយ​ដោយ​រដ្ឋាភិបាលចិន​នៅថ្ងៃទី ​១៧ ​ខែ​មិថុ​នា​បាន​ផ្តល់ជាបង្អួច​សម្រាប់​មជ្ឈដ្ឋាន​ខាងក្រៅ​សង្កេតមើលនូវអច្ឆរិយនេះ។

សៀវភៅសនេះ​បាន​អធិប្បាយជាប្រព័ន្ធ​នូវ​បរិបទយុគសម័យ ​ខ្លឹមសារដ៏សម្បូរបែប​ និង​អត្ថ​ន័យ​ដ៏សំខាន់​នៃ​គំនិតផ្តួចផ្តើម​អភិបាល​កិច្ច​សកល ​ហើយ​បាន​ពិពណ៌នាដោយ​គ្រប់​ជ្រុង​ជ្រោយ ​អំពី​ការអនុវត្តជាក់ស្តែងដ៏សម្បូរបែប​របស់​ប្រទេសចិន​ ក្នុងការ​ចូលរួម​កំណែ​ទម្រង់​​និង​កិច្ចកសាង​ប្រព័ន្ធអភិបាលកិច្ចសកល​ ព្រមទាំង​អធិប្បាយ​យ៉ាងច្បាស់លាស់​ថែម​មួ​យ​កម្រិត​ទៀត​ពី​ទិសដៅ ​គោលជំហរជាគោលការណ៍​និង​ផែនការប្រតិបត្តិ​របស់​ប្រទេស​ចិន​ក្នុង​ការ​ធ្វើ​អភិបាលកិច្ចសកល ​ដែល​មាន​អំណោយផលដល់សហគមន៍អន្តរជាតិ​ ក្នុង​ការ​យល់​ដឹងកាន់តែល្អ​ចំពោះ​គុណតម្លៃ​នៃ​គំនិតផ្តួចផ្តើមអភិបាល​កិច្ច​សកល។

បច្ចុប្បន្ននេះ ​ស្ថានការណ៍អន្តរជាតិកំពុង​ឆ្លង​កាត់​ការប្រែប្រួលយ៉ាងស្មុគស្មាញ​និង​ស៊ី​ជម្រៅ​បំផុត​ចាប់​តាំង​ពី​សង្គ្រាមលោកលើកទីពីរ​មក ​។ ​ឯកតោភាគីនិយម​និង​អនុត្តរ​ភាព​និយម​នាំមកនូវ​គ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ ​ការធ្វើផ្ទុយពីសកលភាវូបនីយកម្ម​និង​គាំ​ពារ​
និយម​បាន​ងើប​ឡើងវិញ​ជាបន្តបន្ទាប់ ​ហើយបម្រែបម្រួលអាកាសធាតុ ​គម្លាតផ្នែកឌីជីថល​និង​ហានិភ័យ​នៃ​ការប្រើប្រាស់​យ៉ាង​ខុស​ទំនង​​នូវ​បញ្ញាសិប្បនិម្មិត​ជាដើម​បាន​កើតឡើង​ជា​បន្ត​បន្ទាប់ ​។ល។ ​អភិបាលកិច្ចសកល​កំពុង​ស្ថិតនៅ​ខណៈពេលគន្លឹះ ​ពោលគឺ ​បើមិនឆ្ពោះ​ទៅ​មុខ​ទេ ​វានឹងដើរថយក្រោយ ​។

ក្នុងគ្រាដ៏គន្លឹះនេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បានលើកឡើងជាផ្លូវការ​នូវ​គំនិតផ្តួច​ផ្តើម​អភិបាលកិច្ចសកល​កាលពី​ខែកញ្ញា ​ឆ្នាំ ​២០២៥ ​ដោយ​បានផ្តួចផ្តើមឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិតស្នូល​ចំនួនប្រាំ ​គឺ ​សមភាពខាងអធិបតេយ្យភាព ​ការ​គោរពច្បាប់អន្តរជាតិ ​ការ​អនុវត្ត​ពហុភាគីនិយម ​ការផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជន ជាអាទិភាព​និង​ផ្តោត​លើ​ទិស​ដៅ​ប្រតិបត្តិការ ​ដែលបានផ្តល់ជាផែនការចិន ​សម្រាប់​ឆ្លើយតប​នឹង​បញ្ហាយុគ​សម័យ​ថា​"តើត្រូវកសាងប្រព័ន្ធអភិបាលកិច្ចសកល​យ៉ាងណា​និង​តើ​ត្រូវ​ធ្វើឱ្យ​អភិបាល​កិច្ច​សកល​មាន​សុក្រឹត​ភាព ​តាមរយៈកំណែទម្រង់តាមរបៀបណា ​"។ ​ក្នុងរយៈពេល​ជាង ​៩ ​ខែ​កន្លង​មក ​គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ​បាន​ប្រែ​ក្លាយ​ពី​ផែនការចិន​ទៅជា​ការអនុវត្ត​ជាក់​ស្តែង​អន្តរជាតិ​ដែល​បង្ហាញពីកម្លាំងជីវិតដ៏ខ្លាំងក្លា​ពីមួយថ្ងៃទៅមួយថ្ងៃ ​។

ពិភពលោកដ៏ធំល្វឹងល្វើយ ​មានបញ្ហាក៏ច្រើនណាស់​ដែរ ​។ ​តើ​ប្រព័ន្ធអភិបាលកិច្ចសកល​បែប​ណា​ដែល​មាន​អំណោយផល​ដល់​ពិភពលោក​និង​ប្រជាជននៃបណ្តាប្រទេសនានា ​? ​គោ​ល​គំនិត​ដែល​ប្រទេសចិន​បានប្រកាន់ខ្ជាប់ជានិច្ច ​គឺ ​"ពិភាក្សាជាមួយគ្នា ​កសាង​ជា​មួយ​គ្នា​និង​ចែក​រំលែក​ជាមួយគ្នា" ​។ ​ពីការផ្តួចផ្តើមឱ្យ​បង្កើត​អង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ​ដល់​ការ​លើកឡើង​ «គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកល ផ្នែកបញ្ញាសិប្បនិមិ្មត» ​រហូត​ដល់​ការសម្រុះសម្រួល​និង​បញ្ចុះកម្តៅ​នៃ​បញ្ហាចំណុចក្តៅអន្តរជាតិ ​ប្រទេសចិនបាន​បន្ត​បង្កើ​ត​ជាវេទិកា ​ស្វែង​រក​បទពិសោធ​និង​ធ្វើជាគំរូ​សម្រាប់​ឆ្លើយតបនឹង​បញ្ហាដ៏លេចធ្លោ​ក្នុង​អភិ​បាលកិច្ច​សកល ។

បច្ចុប្បន្ននេះ ​ពិភពលោក​មានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ​ការវិវឌ្ឍពី​ភាព​ច្របូក​ច្រ​បល់​ដល់​អភិបាលកិច្ចល្អ​មិនមែនជា រឿងដែលងាយសម្រេច​បាន​ទេ ​។ ​ប្រទេសចិននឹង​បន្ត​ធ្វើជាស្ថាបនិកនៃសន្តិភាពពិភពលោក ​អ្នករួមវិភាគ​ទាន​នៃការអភិវឌ្ឍរបស់ពិភពលោក ​អ្នក​គាំពារសណ្តាប់ធ្នាប់អន្តរជាតិ​និងជា​អ្នកផ្តល់​ផលិត​ផល​សាធារណៈ ​ហើយ​នឹង​ធ្វើការ​ជា​មួយ​បណ្តាប្រទេសនានា​ដើម្បី​ជំរុញ​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​គំនិត​ផ្តួចផ្តើម​អភិ​បាល​កិច្ច​សកល​ ​មិនបោះបង់ចោលប្រទេសណាមួយ​ឡើយ ​ក៏ដូចជាធ្វើឱ្យ​មហាគ្រួសារ​សហគមន៍​អន្តរ​ជាតិ​នេះ ​សម្រេចបាននូវភាពឈ្នះ-ឈ្នះ៕

វិទ្យុមិត្តភាពកម្ពុជាចិន​