បេសកជន UN អំពាវនាវឱ្យដោះលែងអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ស្របពេលដែលលោកស្រីឈានចូលអាយុ៨១ឆ្នាំ (Video inside)
20-06-2026 10:28
(យូអិន)៖ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី ជាបន្ទាន់ ស្របពេលដែលអតីតមេដឹកនាំរូបនេះ ប្រារព្ធខួបឈានចូលវ័យ៨១ឆ្នាំ ក្រោមការឃុំឃាំង ក្នុងប្រទេសដែលគ្រងគ្រងដោយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
«ខ្ញុំធ្លាប់បានលើកឡើងម្តងហើយម្តងទៀតជាមួយទីក្រុងណៃពិដោ អំពីទុក្ខលំបាករបស់លោកស្រី អោងសាន ស៊ូជី ដែលបានបន្តជាប់ឆ្នោតជាមេដឹកនាំកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានដាក់ទោសឱ្យជាប់ឃុំ ក្រោយការដណ្តើមអំណាចរបស់យោធា។ ប៉ុន្មានឆ្នាំមកហើយ ពុំមានរបាយការណ៍ដែលអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ ស្តីពីស្ថានភាពរបស់លោកស្រីនោះទេ។ ថ្ងៃនេះ ក្នុងឱកាសខួបកំណើតទី៨១របស់លោកស្រី ខ្ញុំទទូចឱ្យអ្នកដទៃទៀតចូលរួមជាមួយខ្ញុំ ក្នុងការអំពាវនាវឱ្យមានការដោះលែងលោកស្រីវិញ»។
បេសកជន UN លោកស្រី Julie Bishop បានប្រាប់ដូចខាងលើនេះទៅកាន់បណ្តារដ្ឋជាសមាជិក UN ប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកស្រី បានបំពេញទស្សនកិច្ចជាលើកទី៤ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកស្រី Bishop បានបន្ថែមថា ក្រោមក្រសែភ្នែកភាគច្រើន គឺវានឹងមិនអាចមានវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាពពេញលេញឡើយ ស្របពេលដែលលោកស្រី ស៊ូជី នៅបន្តជាប់ឃុំជាអ្នកទោស។
គួរបញ្ជាក់ថា កាលពីខែមេសា អតីតមេដឹកនាំរបបយោធា លោក Min Aung Hlaing ដែលបានក្លាយជាប្រធានាធិបតីស៉ីវិល ក្រោយការបោះឆ្នោតដែលរងការរិះគន់ពីអន្តរជាតិ បានប្រកាសថា លោកស្រី ស៊ូជី ដែលកន្លងមកត្រូវបានកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ នាពេលនេះត្រូវបានអនុញ្ញាតឱ្យជាប់ឃុំនៅក្នុងផ្ទះ។ ទោះជាបែបនេះក្តី សំណួរថាតើលោកស្រីកំពុងស្ថិតនៅទីណាឱ្យប្រាកដ គឺនៅតែមិនទាន់មានចម្លើយច្បាស់ឡើយ។ កូនប្រុសលោកស្រី គឺលោក Kim Aris ធ្លាប់បានទាមទារឱ្យថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ផ្តល់ភស្តុតាងជាក់ស្តែង ដែលបង្ហាញថា ម្តាយរបស់លោក ពិតជានៅមានជីវិត៕






