«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»

20-06-2026 17:13

(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យទួនហ្វាក្រោមកិច្ចសហការជាមួយមូលនិធិចិនដេីម្បីផ្លាស់ប្តូរវប្បធម៌អន្តរជាតិ​ សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាពកម្ពុជា-ចិន​ មូលនិធិ​ចិន​Peaceland និង​ មជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១​ បានរួមគ្នារៀបចំកម្មវិធីបាឋកថាក្រោមប្រធានបទ «ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និស្សិត អ្នកស្រាវជ្រាវ និងភ្ញៀវកិត្តិយសជាង៦០រូប។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ តួនាទី និងឥទ្ធិពលនៃផ្លូវសូត្របុរាណ ក្នុងការតភ្ជាប់អរិយធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌រវាងតំបន់បូព៌ា និងបស្ចិមប្រទេស។

តាមរយៈ ខ្សែភាពយន្តខ្លីចំនួន២ លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានពន្យល់ថា ផ្លូវសូត្របុរាណត្រូវបានបង្កើតឡើង កាលពីជាង ២០០០ឆ្នាំមុន ដោយចាប់ប្រភពចេញពីក្រុងស៊ីអាន ប្រទេសចិនឆ្លងកាត់ប្រទេសជាច្រើន នៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីបអ៊ីតាលី នាសម័យបុរាណ ដែលមានប្រវែងផ្លូវសរុប៦៤៤០គីឡូម៉ែត្រ ដោយក្នុងស្មារតីជាផ្លូវ សម្រាប់ធ្វើទំនាក់ទំនងមិត្តភាព ច្រើនជាងផ្លូវ ធ្វើពាណិជ្ជកម្ម ។ នៅក្នុងដំណើរការនៃការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនចិន និងប្រជាជនរបស់ប្រទេសដទៃទៀត នៅតាមបណ្តោយផ្លូវសូត្រ ហើយស្មារតីផ្លូវសូត្រជាការបង្ហាញពីសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ ការរួមបញ្ចូលឬបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ។

តាមរយៈបទបង្ហាញដោយមានជំនួយពីខ្សែភាពយន្តខ្លី លោក Yu Hetao នាយកសាកលវិទ្យាល័យទួនហ្វា ដែលជាជនជាតិចិន បានធ្វើបទបង្ហាញអំពី ប្រវត្តិផ្លូវសូត្របុរាណ ដែលបានតភ្ជាប់ប្រទេសចិនជាមួយអឺរ៉ុប និងតំបន់ជាច្រើនទៀតតាំងពីជាង២,០០០ឆ្នាំមុន។ លោកបានបញ្ជាក់ថា ផ្លូវសូត្រមិនមែនគ្រាន់តែជាផ្លូវសម្រាប់ការដឹកជញ្ជូនទំនិញ និងការធ្វើពាណិជ្ជកម្មតែប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង វិទ្យាសាស្ត្រ និងអរិយធម៌រវាងប្រជាជននៃតំបន់ផ្សេងៗ។ ផ្លូវសូត្របានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធរវាងបូព៌ា និងបស្ចិមប្រទេស ដែលជាមូលដ្ឋាននៃការយល់គ្នាទៅវិញទៅមក និងសន្តិភាព។

ក្នុងនាមជាទូតសុឆន្ទៈផ្លូវសូត្រ លោកបណ្ឌិត ជា មុនីឫទ្ធិ បានលម្អិតអំពីប្រវត្តិ និងការវិវត្តនៃផ្លូវសូត្របុរាណដោយបានចាប់ពី ប្រភពកំណើតនៃផ្លូវសូត្រនាសម័យរាជវង្សហាន ការធ្វើដំណើររបស់អ្នកជំនួញ និងបេសកជនតាមបណ្តាញផ្លូវគោក និងផ្លូវសមុទ្រ ព្រមទាំងតួនាទីរបស់ផ្លូវសូត្រក្នុងការផ្សព្វផ្សាយវប្បធម៌ សាសនា បច្ចេកវិទ្យា និងការផ្លាស់ប្តូរអរិយធម៌រវាងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។

លោក ឡាំ គុយ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យទួនហ្វា បានថ្លែងថា អង្គបាឋកថានេះបានផ្តល់នូវចំណេះដឹងដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រ និងអត្ថន័យនៃផ្លូវសូត្របុរាណ ព្រមទាំងបានបង្ហាញពីការបន្តនៃស្មារតីផ្លូវសូត្រតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ហើយរយៈពេល១៣ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលមានឬសគល់ពីផ្លូវសូត្រ បុរាណរាប់ពាន់ឆ្នាំបានបន្តស្មារតី របស់ខ្លួនដោយបើកចំហយ៉ាងទូលំទូលាយ ផ្តល់ដល់បណ្តាប្រទេសទាំងអស់រួមគ្នា អាចក្លាយជាដៃគូនិងរួមគ្នា អនុវត្តតាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់យ៉ាងទូលំទូលាយ ហើយគ្រប់គ្នាគួរតែទទួល បានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។

លោក ឈៀក ចាន់ឡុង និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យទួនហ្វា បានចាប់អារម្មណ៍ថា កម្មវិធីនេះបានរួមចំណែកពង្រឹងការយល់ដឹងរបស់និស្សិត និងអ្នកចូលរួមអំពីសារៈសំខាន់នៃការតភ្ជាប់អរិយធម៌ ការគោរពភាពចម្រុះវប្បធម៌ និងការកសាងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួម។

តាមរយៈកម្មវិធីពេញមួយព្រឹកនេះ កញ្ញា ង៉ែត ម៉ាណា សិស្សថ្នាក់ទី១០នៃសាលារៀនទួនហ្វា បានកត់សម្គាល់ថា ស្មារតីនៃផ្លូវសូត្របុរាណ ដែលផ្អែកលើសន្តិភាព កិច្ចសហប្រតិបត្តិការ ការបើកចំហ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម នៅតែមានសារៈសំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន៕

វិទ្យុមិត្តភាពកម្ពុជាចិន