អតីតរដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ពាក់ព័ន្ធសំណុំរឿងច្បាប់អាជ្ញាសឹក (Video inside)

22-06-2026 14:25

(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ តុលាការនៃប្រទេសកូរ៉េខាងត្បូង បានផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគាររយៈពេល២៥ឆ្នាំ ដោយសារការជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ប្រទេសកូរ៉េខាងត្បូង លោក Park Sung-jae ត្រូវបានតុលាការនៅទីក្រុងសេអ៊ូល រកឃើញពិតជាមានទោស​ពីបទជាប់ពាក់ព័ន្ធក្នុងសកម្មភាពបះបោរ។ កាលពីខែធ្នូ ឆ្នាំ២០២៤ លោក Yoon Suk Yeol បានធ្វើសេចក្តីប្រកាសពេលយប់យ៉ាងភ្ញាក់ផ្អើលមួយ ដោយដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក ប៉ុន្តែមានសុពលភាពបានត្រឹម៦ម៉ោងប៉ុណ្ណោះ ខណៈក្រុមតំណាងរាស្រ្តនាំគ្នារួសរាន់ទៅកាន់សភា ដើម្បីបោះឆ្នោតលុបវាចោលវិញ ក្នុងកិច្ចប្រជុំបន្ទាន់មួយ។

ចាប់តាំងពីពេលនោះមក លោក Yoon បានអស់អំណាច និងត្រូវបានតុលាការផ្តន្ទាទោសពីបទដឹកនាំការបះបោរ ហើយឥឡូវកំពុងជាប់ឃុំ ខណៈលោកបានប្តឹងតវ៉ា ចំពោះសាលក្រមកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។ មិនតែប៉ុណ្ណោះ លោក Yoon ក្នុងខែមិថុនានេះ ក៏ទើបត្រូវបានកាត់ទោស​​ឱ្យជាប់ពន្ធនាគារ ៣០ឆ្នាំផងដែរ ពីបទបញ្ជូនយន្តហោះដ្រូនចូលទៅកូរ៉េខាងជើង ក្នុងគោលដៅចង់បង្កើតវិបត្តិជាតិ ដើម្បីធ្វើជាលេសសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹក។

គួរបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon បានធ្វើឱ្យប្រទេសអាស៉ីបូព៌ាមួយនេះ ធ្លាក់ក្នុងវិបត្តិនយោបាយធំមួយពុំធ្លាប់មាន។ មនុស្សជំនិតៗរបស់លោក ត្រូវបានផ្តន្ទាទោសធ្ងន់ៗជាបន្តបន្ទាប់។ តួយ៉ាង អតីតនាយករដ្ឋមន្រ្តី លោក Han Duck-soo ត្រូវបានកាត់​ឱ្យជាប់ពន្ធនាគារ១៥ឆ្នាំ ខណៈអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Lee Sang-min ត្រូវជាប់៩ឆ្នាំ។ រីឯកាលពីសប្តាហ៍មុន លោក Kim Yong-hyun ដែលជាអតីតរដ្ឋមន្រ្តីការពារជាតិ ត្រូវបានផ្តន្ទាទោស៣ឆ្នាំ សម្រាប់ការធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់យោធា ដើម្បីជួយជំរុញ​ការបះបោរ។ ដោយឡែក ភរិយាលោក Yoon លោកស្រី Kim Keon Hee ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារ៤ឆ្នាំផងដែរ ពីបទក្រឡុកទីផ្សារភាគហ៊ុន និងពុករលួយ ដែលមិនទាក់ទងជាមួយសំណុំរឿងច្បាប់អាជ្ញាសឹកនោះទេ៕