ហ្វីលីពីន៖ ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួន ក្រោយករណីបាញ់ប្រហារក្នុងវិទ្យាល័យ សម្លាប់សិស្ស៣នាក់
22-06-2026 15:12
(ម៉ានីល)៖ មន្រ្តីប៉ូលិសបាននិយាយថា បុគ្គលពីរនាក់បានធ្វើសកម្មភាពបាញ់ប្រហារក្នុងវិទ្យាល័យមួយ នៃភាគកណ្តាលប្រទេសហ្វីលីពីន នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយបានសម្លាប់សិស្ស ៣នាក់ និងរបួស ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
ជនសង្ស័យភេទប្រុស ដែលត្រូវចាប់ឃុំឃាំង មានម្នាក់ជាសិស្សវិទ្យាល័យជាតិ San Jose ទីក្រុង Tacloban ខេត្ត Leyte ជាទីដែលការបាញ់ប្រហារកើតឡើង ហើយពួកគេប្រដាប់ដោយកាំភ្លើងខ្លី។ ការបាញ់ប្រហារកើតឡើងនៅម៉ោងប្រហែល ៩ព្រឹក នៅខាងក្នុងវិទ្យាល័យនេះតែម្តង។
ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមប៉ូលិសស៉ើបអង្កេត កំពុងព្យាយាមកំណត់មូលហេតុ ដែលបង្កឱ្យមានការបាញ់ប្រហារ នៅក្នុងសាលារៀនដែលគ្រប់គ្រងដោយរដ្ឋ ដែលមានសិស្សជាង ១ ៥០០នាក់។ ប៉ូលិស ក៏បានដាក់ពង្រាយកម្លាំងដើម្បីពង្រឹងសន្តិសុខផងដែរ។
គួរបញ្ជាក់ថា បទឧក្រិដ្ឋពាក់ព័ន្ធការប្រើប្រាស់អាវុធ តែងកើតមាននៅហ្វីលីពីន ដែលមួយផ្នែក ដោយសារតែការចរាចរណ៍អាវុធគ្មានអាជ្ញាប័ណ្ណ ប៉ុន្តែករណីបាញ់ប្រហារក្នុងសាលារៀន គឺកម្រមានណាស់៕





