ឥណ្ឌូណេស៊ី ប្រកាសកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជិត ១,៥ពាន់លានដុល្លារ ដោយផ្តោតសំខាន់លើការចែកស្បៀងអាហារ (Video inside)
22-06-2026 19:58
(ហ្សាកាតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៦ ក្នុងទំហំទឹកប្រាក់ចំនួន ២៦,៣៤ទ្រីលានរូពៀ (ប្រមាណ ១,៤៨ពាន់លានដុល្លារអាមេរិក) ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមការប្រកាសរបស់ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច នាថ្ងៃចន្ទនេះ និងការចេញផ្សាយដោយសារព័ត៌មាន CNA។
កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកជាចម្បងសម្រាប់ការផ្តល់ជំនួយស្បៀងអាហារ ដែលមានទំហំទឹកប្រាក់រហូតដល់ ១៨,០៤ទ្រីលានរូពៀ ដោយនេះគឺជាការបន្ថែមពីលើកញ្ចប់ថវិកាចំនួន ៧,៨ទ្រីលានរូពៀ ដែលបានប្រកាសកាលពីខែមុន។ វិធានការសរុបនៃកញ្ចប់ថវិកានេះ ក៏រួមបញ្ចូលទាំងការបញ្ចុះតម្លៃលើសេវាដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវដែក និងផ្លូវសមុទ្រ ព្រមទាំងកម្មវិធីហាត់ការងារដោយមានប្រាក់បៀវត្សរ៍ផងដែរ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែរឡាងហ្កា ហាតាតូ (Airlangga Hartarto) បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលក៏នឹងរ៉ាប់រងការចំណាយលើពន្ធអាករលើតម្លៃបន្ថែម (VAT) សម្រាប់សំបុត្រយន្តហោះផងដែរ។ លើសពីនេះ រដ្ឋាភិបាលនឹងផ្តល់អង្ករចំនួន ១០គីឡូក្រាម ដល់ប្រជាពលរដ្ឋគោលដៅចំនួន ៣៣លាននាក់ ចាប់ពីខែក្រោយតទៅ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាដែលមានទំហំ ១៧,៥៤ទ្រីលានរូពៀ។
គួរបញ្ជាក់ថា កាលពីត្រីមាសទីមួយនៃឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចំណាយថវិកាអស់ ១៥ទ្រីលានរូពៀ ទៅលើការចែកស្បៀងអាហារ និងវិធានការជំរុញសារពើពន្ធផ្សេងៗ។ សម្រាប់ឆ្នាំនេះ ទីក្រុងហ្សាកាតា បានកំណត់គោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យបានយ៉ាងហោចណាស់ ៥,៤ភាគរយ ដែលជាតួលេខខ្ពស់ជាងកំណើន ៥,១១ភាគរយ កាលពីឆ្នាំមុន៕




