UPDATE: មនុស្ស ១៣នាក់ និង ៦៦នាក់ផ្សេងទៀតរងរបួស ក្នុងការផ្ទុះនៅរោងចក្រហ្គាសដ៏ធំរបស់កាតា

22-06-2026 21:15

(ដូហា)៖ មនុស្សចំនួន ១៣នាក់បានបាត់បង់ជីវិត និង ៦៦នាក់ផ្សេងទៀតរងរបួស ក្នុងការផ្ទុះដ៏ខ្លាំងក្លានៅរោងចក្រចម្រាញ់ឧស្ម័នធម្មជាតិរាវ (LNG) Ras Laffan របស់ប្រទេសកាតា ខណៈដែលក្រុមកម្មករកំពុងព្យាយាមបើកដំណើរការរោងចក្រនេះឡើងវិញ ក្រោយត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ីរ៉ង់កាលពីខែមីនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរបានចាត់ទុកហេតុការណ៍កាលពីល្ងាចថ្ងៃអាទិត្យនេះថាជា «គ្រោះថ្នាក់បច្ចេកទេស»។ កម្លាំងផ្ទុះបានធ្វើឱ្យរង្គើកញ្ចក់បង្អួច និងបង្កការភ័យស្លន់ស្លោដល់ពលរដ្ឋនៅរដ្ឋធានីដូហា ដែលនៅឆ្ងាយជាង ៧០គីឡូម៉ែត្រ។ ទោះជាយ៉ាងណា ក្រសួងថាមពលកាតាអះអាងថា សមត្ថភាពនាំចេញ និងបរិស្ថានមិនរងផលប៉ះពាល់ឡើយ ខណៈការស៊ើបអង្កេតកំពុងបន្ត។

គ្រោះថ្នាក់នេះបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដ៏ធំ ដែលបណ្តាប្រទេសផលិតថាមពលនៅតំបន់ឈូងសមុទ្រកំពុងជួបប្រទះ ក្នុងការប៉ុនប៉ងស្តារផលិតកម្មពីទីតាំងដែលត្រូវបានបិទដោយសារសង្គ្រាម។ ប្រទេសកាតា ដែលជាទីតាំងមូលដ្ឋានទ័ពអាមេរិកដ៏ធំ បានរងការវាយប្រហារពីអ៊ីរ៉ង់ជាបន្តបន្ទាប់ និងជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតពីការបិទច្រកសមុទ្រហ័រមូស ដោយសារគ្មានច្រកចេញផ្សេងសម្រាប់ការនាំចេញ LNG របស់ខ្លួន។

គួរបញ្ជាក់ថា ការចាប់ផ្តើមដំណើរការរោងចក្រ LNG ឡើងវិញ គឺជានីតិវិធីបច្ចេកទេសដ៏ស្មុគស្មាញបំផុត ជាពិសេសដំណើរការបញ្ចុះកម្តៅឱ្យដល់ដក ១៦២អង្សាសេ ដើម្បីបំប្លែងហ្គាសទៅជាវត្ថុរាវ ដោយទាមទារការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងការខូចខាតប្រព័ន្ធកម្ដៅ។ កាលពីខែមីនា មីស៊ីលអ៊ីរ៉ង់បានកម្ទេចម៉ាស៊ីនចម្រាញ់ហ្គាសសំខាន់ៗចំនួន ២ ដែលធ្វើឱ្យកាតាបាត់បង់សមត្ថភាពនាំចេញដល់ទៅ ១៧ភាគរយ ហើយត្រូវប្រើពេលពី ៣ ទៅ ៥ឆ្នាំទើបអាចជួសជុលរួចរាល់៕