Airbus នឹងត្រួតពិនិត្យយន្ដហោះ A380 ចំនួន១៦គ្រឿង ក្រោយរកឃើញស្នាមប្រេះលើស្លាបយន្ដហោះ (Video inside)
24-06-2026 10:44
(បារាំង)៖ ក្រុមហ៊ុន Airbus នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួននឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង ក្នុងនោះមាន ៥គ្រឿងនឹងត្រូវបាន ត្រួតពិនិត្យភ្លាម បន្ទាប់ពីស្នាមប្រេះត្រូវបានរកឃើញក្នុងផ្នែកដ៏សំខាន់មួយនៃស្លាបយន្ដហោះធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Emirates និង Qantas។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុបហៅកាត់ថា EASA បានបង្គាប់ឱ្យមានការត្រួតពិនិត្យជាបន្ទាន់ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើផ្នែកស្លាបនៃយន្ដហោះ A380 ដែលមានបញ្ហា បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យរកឃើញស្នាមប្រេះអំឡុងការត្រួតពិនិត្យថែទាំជាប្រចាំ។ ក្នុងចំណោមយន្ដហោះ A380 ចំនួន ១៦គ្រឿងដែលនឹងត្រូវបានត្រួតពិនិត្យ ក្នុងនោះមាន ១៥គ្រឿងធ្វើប្រតិបត្តិការដោយក្រុមហ៊ន Emirates និងមួយគ្រឿងដោយក្រុមហ៊ុន Qantas។ ក្នុងនោះទៀតសោត យន្ដហោះប្រភេទនេះ៥គ្រឿងដែលនឹងត្រូវបានត្រួតពិនិត្យ ភ្លាមៗត្រូវបានធ្វើប្រតិបត្តិការហោះហើរដោយក្រុមហ៊ុន Emirates ហើយការត្រួតពិនិត្យអាចនឹងដំណើរការនៅថ្ងៃពុធសប្ដាហ៍នេះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងធ្វើប្រតិបត្តិការយន្ដហោះ A380 ក្នុងនោះរួមមាន Emirates, Singapore Airlines, British Airways, Qantas, Lufthansa, Qatar Airways, Korean Air, Etihad Airways, ANA និង Asiana Airlines៕





