បទវិភាគ៖ «មិនមែនជាផលប្រយោជន៍លើក្រដាសទេ» ប៉ុន្តែគឺជា «ការអនុវត្តជាក់ស្តែង» ទុនវិនិយោគពីបរទេសបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយបានបណ្តាក់ទុនយ៉ាងពិតប្រាកដ
24-06-2026 18:06
(ប៉េកាំង)៖ “ការគាំទ្ររបស់ប្រទេសចិនចំពោះទុនវិនិយោគពីបរទេស មិនមែនសរសេរលើក្រដាសតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាត់វិធានការជាក់ស្តែង និងជួយដោះស្រាយបញ្ហាយ៉ាងពិតប្រាកដ ដែលបានធ្វើឱ្យពួកយើងមានទំនុកចិត្តប្រកបអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ។ បន្ទាប់ពីប្រទេសចិនចេញផ្សាយ «ផែនការសកម្មភាពសម្រាប់ជំរុញការប្រើប្រាស់ ទុនបរទេសប្រកបដោយស្ថិរភាពនិងធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធទុនវិនិយោគពីបរទេស»នៅថ្ងៃទី២២ ខែមិថុនា លោកស្រី Cai Yan អគ្គនាយករងជាន់ខ្ពស់នៅទូទាំងពិភពលោក និងជាអគ្គនាយកប្រចាំតំបន់ចិននៃក្រុមហ៊ុនNovo Nordisk នៃប្រទេសដាណឺម៉ាក ដែលកំពុងអញ្ជើញចូលរួម ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីបួនបានថ្លែងដូចពោលខាងលើ។
ផែនការសកម្មភាពនេះ បានលើកឡើងនូវវិធានការចំនួន១៥លើវិស័យ៥ អំពីការពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារចិនថែមមួយកម្រិតទៀត លើកកម្ពស់ភាពងាយស្រួលសម្រាប់ពាណិជ្ជករបរទេសបណ្តាក់ទុន លើកកម្ពស់កម្រិតសម្រាប់ជំរុញការបណ្តាក់ទុន ធ្វើឱ្យប្រព័ន្ធសេវាកម្មនិងការធានាសម្រាប់វិនិយោគរបស់ពាណិជ្ជករបរទេសមានសុក្រឹតភាព និងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងទុនវិនិយោគពីបរទេសជាដើម ។ និយាយចំពោះទុនវិនិយោគពីបរទេស ការដែលប្រទេសចិនពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារចិន គឺមានន័យថា មានលំហនៃការអភិវឌ្ឍន៍កាន់តែធំទូលំទូលាយ ។ បច្ចុប្បន្ននេះ វិធានការរឹតត្បិតរបស់ចិនក្នុងវិស័យឧស្សាហកម្មកម្មន្តសាលបានលុបចោលទាំងស្រុងហើយ ។ ផែនការសកម្មភាពនេះ បានផ្តោតសំខាន់ទៅលើការពង្រីកការអនុញ្ញាតឱ្យចូលទីផ្សារចិនលើវិស័យសេវាកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្មឱសថនិងវេជ្ជសាស្ត្រជាដើម វាមិនត្រឹមតែសមស្របនឹងតម្រូវការនៃការធ្វើបរិវត្តកម្មនិងលើកកម្ពស់ លំដាប់ថ្នាក់របស់សេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានត្រួសត្រាយផ្លូវថ្មីសម្រាប់ឱ្យទុនវិនិយោគពីបរទេសផងដែរ ។
សូមលើកឧស្សាហកម្មឱសថនិងវេជ្ជសាស្ត្រជាឧទាហរណ៍ ផែនការនេះបានលើក ឡើងថា នឹងបន្តលើកទឹកចិត្តឱ្យឱសថនិងបរិក្ខារថ្មីដែលមានគុណភាពខ្ពស់ចូលទីផ្សារចិន និងផ្តល់ភាពងាយស្រួលសម្រាប់ឱ្យឱសថដែលផលិតដោយសហគ្រាសទុនបរទេសចូលក្នុងច្រកលក់រាយឱសថរបស់ចិនជាដើម ។ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន AstraZeneca នៃប្រទេសអង់គ្លេសបានថ្លែងថា អាស្រ័យដោយទទួលបានផលប្រយោជន៍ ពីគោលនយោបាយឱសថ និងវេជ្ជសាស្ត្ររបស់ចិនដែលមានភាពកាន់តែប្រសើរឡើង និងសមត្ថភាពសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិនដែលបានលើកកម្ពស់ជាបន្តបន្ទាប់ នៅឆ្នាំនេះ ក្រុមហ៊ុនមានឱសថថ្មីចំនួន១១ ប្រភេទ បានទទួលការអនុញ្ញាតនៅក្នុងប្រទេសចិន ហើយក្នុងនោះមានឱសថមួយ គឺដាក់លក់ជាលើកដំបូងនៅទូទាំងពិភពលោក។
ទីផ្សារកាន់តែធំទូលាយ ដំណើរការកាន់តែស្រួល តើធ្វើយ៉ាងម៉េចទើបអាចឱ្យពាណិជ្ជករបរទេសកាន់តែមានទំនុកចិត្តប្រកបអាជីវកម្មនៅប្រទេសចិន ? ដើម្បីធ្វើឱ្យប្រព័ន្ធសេវាកម្មនិងការធានាសម្រាប់វិនិយោគរបស់ពាណិជ្ជករបរទេសមានសុក្រឹតភាព ផែនការនេះបានលើកឡើងវិធានការអំពីការផ្តល់ផលអនុគ្រោះដល់សហគ្រាសទុនបរទេសដូចគ្នានឹងជនជាតិចិន ផ្តល់ការគាំទ្រដល់សហគ្រាសទុនបរទេសឱ្យចូលក្នុងប្រតិបតិ្តលើកស្ទួយការប្រើប្រាស់ និងកែសម្រួលបរិយាកាសតាមអនឡាញសម្រាប់ប្រកបអាជីវកម្មជាដើម ។ វិធានការទាំងនេះនឹងគាំពារឱ្យសហគ្រាសបរទេសធ្វើការប្រកួតប្រជែងដ៏យុត្តិធម៌នៅប្រទេសចិន ជួយពួកគេដោះស្រាយបញ្ហាយ៉ាងប្រាកដប្រជា ក្នុងន័យផ្តល់កម្លាំងចលករថ្មីដល់អ្នកវិនិយោគនៅទូទាំងពិភពលោក។
ភាគលាភនៃគោលនយោបាយជាក់ស្តែងធ្វើឱ្យជំហានអភិវឌ្ឍន៍នៅប្រទេសចិនរបស់សហគ្រាសទុនវិនិយោគពីបរទេសកាន់តែលឿន។ តាំងពីចូលឆ្នាំនេះមក មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនពហុជាតិបានបំពេញទស្សនកិច្ច យ៉ាងមមាញឹក ហើយគម្រោងសំខាន់ៗត្រូវបានអនុវត្តជាបន្តបន្ទាប់។ការស្ទង់មតិដែលចេញផ្សាយដោយក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិននាពេលថ្មីៗនេះបង្ហាញថា សហគ្រាសទុនវិនិយោគពីអាមេរិកចំនួន៣ភាគ៤ដែលទទួលបទសម្ភាសន៍បានវិនិយោគឬធ្វើអាជីវកម្មនៅប្រទេសចិន ហើយបានបង្ហាញថា នៅឆ្នាំ ២០២៥សារពើពន្ធ ប្រាក់ចំណូលរបស់ពួកគេនៅប្រទេសចិនគឺមានស្ថេរភាព ឬមានការកើនឡើង។ តាមសិ្ថតិមិនពេញលេញបានឱ្យដឹងថា នៅឆ្នាំ២០២៥ ក្រុមហ៊ុនទុនវិនិយោគពីបរទេសជាង៨០០០បានបង្កើនការវិនិយោគនៅប្រទេសចិន បានកើនឡើងជាង១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤។ ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ក្រុមហ៊ុនទុនវិនិយោគពីបរទេសជិត៤០០០បានធ្វើការវិនិយោគបន្ថែម។
ពិភពលោកដែលមានភាពចុះសម្រុងគ្នាជាមហាគ្រួសារតែមួយ។ ស្របពេលដែលការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ត្រូវបានជំរុញជាបន្តបន្ទាប់ ទុនវិនិយោគពីបរទេសនៅក្នុងប្រទេសចិននឹងអភិវឌ្ឍ"កាន់តែល្អ" "កាន់តែទូលំទូលាយ" "កាន់តែស៊ីជម្រៅ"និង"កាន់តែរលូន"។ ក៏ដូចប្រសាសន៍របស់អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនពហុជាតិជាច្រើនដែលបានលើកឡើងថា ទុនវិនិយោគពីបរទេសកំពុងបង្កើតអនាគតកាន់តែល្អបវរជាមួយប្រទេសចិនតាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយទីផ្សារចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន





