អ៊ីស្រាអែលប្រកាសមិនដកទ័ពពីលីបង់ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តឱ្យគាំទ្រកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ (Video inside)

24-06-2026 21:52

(តេអាវីវ)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសយ៉ាងច្បាស់នៅថ្ងៃពុធថា កងទ័ពអ៊ីស្រាអែលនឹងមិនដកថយចេញពីភាគខាងត្បូងប្រទេសលីបង់នោះទេ ដែលការណ៍នេះកំពុងក្លាយជាឧបសគ្គដ៏ធំសម្រាប់កិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់។ ជំហររឹងត្អឹងនេះកើតឡើងស្របពេលដែលប្រមុខការទូតអាមេរិកកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដើម្បីស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តដែលកំពុងមានមន្ទិលសង្ស័យចំពោះកិច្ចព្រមព្រៀងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណា ព័ត៌មានចម្រូងចម្រាសជុំវិញជំនួយហិរញ្ញវត្ថុសម្រាប់អ៊ីរ៉ង់ និងការមិនមានលក្ខខណ្ឌបញ្ចប់សង្គ្រាមនៅលីបង់ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងមកលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាំងក្នុងស្រុក និងក្នុងតំបន់។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល រួមទាំងនាយករដ្ឋមន្ត្រី លោក បេនចាមីន នេតាន់យ៉ាហ៊ូ តែងតែអះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តកាន់កាប់ភាគខាងត្បូងលីបង់ ដើម្បីធ្វើជា «តំបន់សុវត្ថិភាព» ការពារពលរដ្ឋនៅភាគខាងជើងអ៊ីស្រាអែល។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz) បានបញ្ជាក់យ៉ាងដាច់អហង្ការថា «កងទ័ពយើងបានត្រៀមខ្លួនរួចជាស្រេច ហើយយើងនឹងមិនដកថយឡើយ។ មកទល់ពេលនេះ មិនទាន់មានការទាមទារពីអាមេរិកឱ្យអ៊ីស្រាអែលដកទ័ពនៅឡើយទេ ដែលនេះគឺជាជោគជ័យផ្នែកនយោបាយរបស់យើង»។

ផ្ទុយទៅវិញ ភាគីអ៊ីរ៉ង់បានចាត់ទុកការបញ្ចប់សង្គ្រាម និងបទឈប់បាញ់នៅលីបង់ ថាជាលក្ខខណ្ឌស្នូលមិនអាចខ្វះបានឡើយ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក។ ទន្ទឹមនឹងការខ្វែងគំនិតគ្នានេះ អំពើហិង្សានៅតែបន្តកើតមាន ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់កាលពីថ្ងៃពុធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ ដែលអ៊ីស្រាអែលអះអាងថាជាយុទ្ធជនក្រុមហេសបូឡា៕