តម្លៃប្រេងអន្តរជាតិ ធ្លាក់មកក្រោម ៧៥ដុល្លារក្នុងមួយបារ៉ែល ខណៈកប៉ាល់ដឹកប្រេងចេញតាមច្រកសមុទ្រ Hormuz (Video inside)

25-06-2026 11:47

(Reuters)៖ តម្លៃប្រេងឆៅបន្តធ្លាក់ចុះ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមក្តីរំពឹងថាការផ្គត់ផ្គង់អាចខិតទៅរកកម្រិតមុនសង្គ្រាម ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅ​ប្រភេទ Brent សម្រាប់​ចែកចាយ​ខែសីហា​ បាន​ធ្លាក់ថ្លៃ ៤០សេន ឬ ០.៥៤ភាគរយ មក​នៅជាង ៧៣ដុល្លារ​ក្នុង​មួយ​បារ៉ែល រីឯ​ប្រេងឆៅអាមេរិក​ West Texas Intermediate បាន​ធ្លាក់ថ្លៃ ២៧សេន ឬ ០.៣៨ភាគរយ មក​នៅជាង ៧០ដុល្លារ​ក្នុង​មួយ​បារ៉ែល។

ដោយឡែក ប្រេងឆៅ Brent ដែលកំពុងជួញដូរសម្រាប់ខែកញ្ញា មានតម្លៃប្រហែល ៧៣ដុល្លារក្នុងមួយបារ៉ែល។ អ្នកវិភាគនិយាយថា ល្បឿននៃការធ្លាក់ចុះនាំធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលតម្លៃក្នុងទីផ្សារវិលមកលឿន ជាងការរំពឹងទុកកាលពី ២សប្តាហ៍មុនរបស់មនុស្សភាគច្រើន។

បើប្រៀបធៀបនឹងកាលពីថ្ងៃពុធ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះដល់ទៅជាង ៣ដុល្លារ ហើយប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ចុះជិត ៣ដុល្លារ៕