កោះតៃវ៉ាន់ ជម្លៀសប្រជាជនចេញពីឆ្នេរភាគខាងកើត ខណៈកំពុងរងឥទ្ធិពលព្យុះទីហ្វុងមេខឡា (Video inside)

25-06-2026 15:57

(តៃប៉ិ)៖ ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុង បាននាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ខណៈមនុស្សជាង ២០០នាក់ នៅឆ្នេរសមុទ្រភាគខាងកើតនឹងត្រូវជម្លៀសចេញ មុនពេលបឹងមួយនៅលើភ្នំអាចនឹងបាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះបីជាព្យុះទីហ្វុងមេខឡា ដែលកំពុងឆ្ពោះទៅជប៉ុន នឹងមិនបោកបក់មកលើកោះតៃវ៉ាន់ផ្ទាល់ក៏ដោយ តែគន្លងខាងក្រៅរបស់វា កំពុងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ផ្នែកខ្លះនៃកោះ ជាពិសេសនៅក្រុង Kaohsiung និង Pingtung ភាគខាងត្បូង។

រដ្ឋបាល​ក្រុង Pingtung បាន​បញ្ជា​ឱ្យបិទ​ការិយាល័យ និង​សាលារៀន​ទាំងអស់​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ ខណៈ​ដែល​ក្រុង Kaohsiung ដែល​ជាប់គ្នានេះ បានធ្វើ​ដូចគ្នា​សម្រាប់​តំបន់​ភ្នំ​ពីរ។ នៅ​ក្នុង​តំបន់​មួយ​​ជាយក្រុង Neihu នៃ​ទីក្រុង​តៃប៉ិ ទឹកជំនន់​ស្ទើរតែ​លិច​រថយន្ត។

នៅឯក្រុង Hualien ដែលជាតំបន់ឆ្នេរភាគខាងកើតតៃវ៉ាន់ រដ្ឋបាលកំពុងជម្លៀសមនុស្សជាង ២០០នាក់ ចេញពីក្នុងសង្កាត់ចំនួនពីរ ដែលមានទីតាំងនៅផ្នែកខាងក្រោម នៃបឹងមួយដែលមានទឹកពេញប្រៀបនៅលើភ្នំ។ កាលពីឆ្នាំមុន មនុស្ស ១៩នាក់បានស្លាប់ នៅក្នុងតំបន់មួយផ្សេងទៀតនៃក្រុង Hualien ពេលដែលដីបឹងបានបាក់ អំឡុងព្យុះទីហ្វុង Ragasa៕