រថយន្តបុកហ្វូងមនុស្សនៅតំបន់ទេសចរណ៍ម៉ិកស៊ិក អំឡុងពេលអបអរជ័យជម្នះ World Cup

25-06-2026 20:06

(ទីក្រុងម៉ិកស៊ិក)៖ សាលាក្រុងឡូស កាបូស (Los Cabos) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តមួយគ្រឿងបានបើកបុកមនុស្សជាច្រើននាក់ នៅឯការជួបជុំគ្នាមួយក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយម កាបូ សាន់លូកាស (Cabo San Lucas) បន្ទាប់ពីក្រុមជម្រើសជាតិម៉ិកស៊ិក ទទួលបានជ័យជម្នះក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) កាលពីយប់ថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមិថុនា។

សាលាក្រុងបានបញ្ជាក់ថា «យោងតាមព័ត៌មានបឋម រថយន្តនោះត្រូវបានឡោមព័ទ្ធដោយហ្វូងមនុស្ស ប៉ុន្តែដោយសារមូលហេតុដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ច រថយន្តនោះបានបើកបុកទម្លុះហ្វូងមនុស្សតែម្តង ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស»។ ទន្ទឹមនឹងនេះ ក៏មានវីដេអូមួយ កំពុងចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម ដោយបង្ហាញពីសកម្មភាពរថយន្តបើកបុកហ្វូងមនុស្ស ប៉ុន្តែប្រភពមិនទាន់អាចបញ្ជាក់ពីភាពត្រឹមត្រូវនៃវីដេអូនោះនៅឡើយទេ៕