វ៉េណេស៊ុយអេឡាពន្លឿនប្រតិបត្តិការជួយសង្រ្គោះ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកើនដល់ ២៣៥នាក់ (Video inside)
26-06-2026 09:13
(ការ៉ាកាស)៖ ក្រុមអ្នកជួយសង្រ្គោះ រួមទាំងប្រជាជនវ៉េណេស៊ុយអេឡា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សជាទីស្រឡាញ់របស់ពួកគេកំពុងជាប់នៅក្រោមគំនរអគារដែលបានបាក់រលំដោយមានទាំងអ្នកនៅរស់រានមានជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ចំនួន២ បានសម្លាប់មនុស្សយ៉ាងហោច ២៣៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អគារជាច្រើនបានរងការខូចខាត និងមានខ្លះបាក់រលំទាំងស្រុង បន្ទាប់ពីគ្រោះរញ្ជួយដីចំនួន២ ដែលទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS រាយការណ៍ថាមានកម្រិតរំញ័រ ៧,២រ៉ិចទ័រ និង៧,៥រ៉ិចទ័របានអង្រួនភាគខាងជើងនៃប្រទេសវ៉េណេស៊ុយអេឡា ក្នុងគម្លាតពីគ្នាត្រឹមតែមួយនាទីប៉ុណ្ណោះកាលពីយប់ថ្ងៃពុធកន្លងទៅនេះ។ នៅរហូតដល់ថ្ងៃព្រហស្បតិ៍ នៅតែមានការរញ័រខ្លះ ហើយរដ្ឋមន្ត្រីសុខាភិបាលវ៉េណេស៊ុយអេឡា លោក Carlos Alvarado បានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនឡើងពី ១៨៨នាក់ ដល់ ២៣៥នាក់ និងជាង១៥០០នាក់ បានរងរបួស។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រកាលពីថ្ងៃពុធ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតចាប់តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩០០ ជាពេលដែលគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារលើវ៉េណេស៊ុយអេឡា។ បណ្ដាប្រទេសជាច្រើនក្នុងនោះរួមមានសហរដ្ឋអាមេរិក បារាំង ចិន ឥណ្ឌា ប្រេស៊ីល ព័រទុយហ្កាល់ ស្វ៉ីស អេស្ប៉ាញ រួមទាំងម៉ិកស៉ិក បាននិងកំពុងបញ្ជូនជំនួយ និងក្រុមអ្នកជំនាញទៅជួយជាកម្លាំងដល់អាជ្ញាធរវ៉េណេស៊ុយអេឡា៕











